ភ្នំពេញ ៖ អតីតមន្រ្តីនគរបាលយុត្តិធម៌ម្នាក់ ត្រូវបានតុលាការកំពូល បានប្រកាសសាលដីកា តម្កល់ទោស ដាក់ពន្ធនាគារ កំណត់៣០ឆ្នាំ ជាប់ពាក់ព័ន្ធនឹងករណី ប្លន់សម្លាប់បុរសម្នាក់ ដើម្បីប្លន់យកទ្រព្យសម្បត្តិ ប្រព្រឹត្តនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៦។ ការប្រកាសតម្កល់ទោស នេះធ្វើឡើងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
លោកឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូលបានថ្លែងនៅសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ ម៉ល់ កុសល ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សូមបញ្ជាកផងដែរថា ជនជាប់ចោទ ត្រូវតាមចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ:០៩/២០១៨ ចុះថ្ងៃទី១៣ ខែកុម្ភ ឆ្នាំ២០១៨ (បន្ទាប់ពីរត់គេចខ្លួន បន្ទាប់ពីបានប្រព្រឹត្តបទល្មើស)ចេញដោយលោក ញូង ចន្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទៈ អំពើឃាតកម្មគិតទុកជាមុន, ការកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងសមគំនិត ដែលបានប្រព្រឹត្តនៅភូមិស្រែខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦៕


