បង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ៤នាក់ ដែលបានបាញ់ តដៃជាមួយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ស្រុកសាលាក្រៅ

ខេត្តប៉ៃលិន ៖ កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ចុះស៊ើបអង្កេត ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ដែលជាក្រុមចោរប្លន់ ចំនួន៤នាក់ ជាបន្តបន្ទាប់កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

មន្ត្រីនគរបាលបញ្ជាក់ថា ក្រោយពីមានករណី ប្លន់ នៅចំណុចដីចំការជាប់អូរ ស្ថិតក្នុងភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កម្លាំងនគរបាលជំនាញបានចុះសហការធ្វើស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកមុខសញ្ញា ក្នុងករណីប្លន់ ប្រដាប់អាវុធតាំងពីយប់ថ្ងៃទី១៨ ខែកក្កដា រហូតដល់ ព្រឹកថ្ងៃទី១៩ ខែកក្កដា ដោយមានការសង្ស័យពីកន្លែងលាក់ខ្លួន របស់ ជនង្ស័យ ម៉ោង០៧និង៣០នាទីព្រឹក នៅចំណុចចម្ការដំឡូង ក៏មានម៉ូតូ០១គ្រឿង បើកឆ្លងកាត់ ដោយមានការសង្ស័យ ក៏បានហៅសាកសួរតែជនសង្ស័យ មិនឈប់ ដោយព្យាយាម បើកគេច ហើយកម្លាំងបានប្រដេញតាមដល់ចំណុចកើតហេតុ ជនសង្ស័យក៏បានផ្ទុះអាវុធ មកលើកម្លាំងសមត្ថកិច្ចចំនួន០៥គ្រាប់ កម្លាំងក៏បានតបតវិញក្នុងការប្រើសិទ្ធិការពារខ្លួន។

សមត្ថកិច្ចបន្តថា រហូតដល់ម៉ោង១៣ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចបានបន្តស្រាវជ្រាវស៊ើបអង្កេត ឈានទៅឃាត់ខ្លួនសង្ស័យចំនួន០៤នាក់មាន ៖ ទី១ ឈ្មោះ វ៉ៃ អិ អាយុ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ទី២ ឈ្មោះ ស្រស់ វណ្ណនេត អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ទី៣ ឈ្មោះ បុល រ័ត្ន អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន និង ឈ្មោះ យឿន ឈួន អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

វត្ថុតាងដកហូតរួមមាន ៖ អាវុធខ្លី កែច្នៃចំនួន០១ដើម , អាវុធវែងកែច្នៃប្រើខ្យល់ចំនួន០១ដើម , កាំបិតខ្លីចំនួន០១ដើម , គ្រាប់កាំភ្លើង AK ចំនួន០៧គ្រាប់។

ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាង អនុវត្តបន្តតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២