ភ្នំពេញ ៖ រយៈពេល៧ខែ ឆ្នាំ២០២១ គ្រោះធម្មជាតិ នៅទូទាំងប្រទេស សម្លាប់មនុស្ស៦៩នាក់ រងរបួសជាង១០០នាក់ និងខូចខាតផ្ទះសម្បែងជាង៧ពាន់ខ្នង។
ចាប់ពីខែមករា រហូតមកដល់ខែកក្កដា ឆ្នាំ២០២១គ្រោះធម្មជាតិដែលបង្កឡើងដោយខ្យល់កន្ត្រាក់បានកើតឡើងចំនួន១៦៨លើក បណ្តាលឱ្យរលំផ្ទះចំនួន៨០៥ខ្នង របើកដំបូលផ្ទះចំនួន៦៣៥២ខ្នង របើកតូបផ្សារចំនួន១០៩តូប អគាររដ្ឋបាល២១កន្លែង សាលារៀន៣៧ខ្នង ស្លាប់មនុស្ស៥នាក់ និងរបួស៦៣នាក់។ ចំណែកគ្រោះធម្មជាតិដោយរន្ទះវិញបានកើតឡើងចំនួន៧៩លើក បណ្តាលឱ្យខូចខាតផ្ទះ៥ខ្នង ស្លាប់មនុស្ស៦៤នាក់ របួស៤០នាក់ និងងាប់គោក្របី៣៧ក្បាល។
នេះបើយោងតាមការបញ្ជាក់ របស់ លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី៩ ខែសីហានេះ។
ក្រសួងសុខាភិបាលធ្លាប់បានបង្ហាញពីវិធីការពារខ្លួន និងសង្គ្រោះបឋមពីបាតុភូតរន្ទះដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងដើម្បីឲ្យចេះការពារខ្លួនចៀសផុតពីគ្រោះថ្នាក់ដែលបណ្តាលមកពីបាតុភូតរន្ទះនៅក្នុងរដូវភ្លៀងនេះ។ នៅពេលមានផ្លេកបន្ទោរ ឬផ្គររន្ទះត្រូវបន្ទន់ខ្លួនដោយបញ្ឈរជង្គង់ទាំងពីរជិតគ្នានិងយកដៃខ្ទប់ត្រចៀកត្រូវរត់ចេញពីទឹកឬក្នុងស្រែឬរត់ចូលផ្ទះជាប្រញាប់ ត្រូវដកឌុយដោតភ្លើងឬឌុយទូរសព្ទ័ដោយទុកចម្ងាយ១ម៉ែត្រពីប្រភពចរន្តអគ្គិសនីនិងត្រូវបន្ទន់ខ្លួនអោបក្បាលជង្គង់ជាដើម។ មិនត្រូវនិយាយទូរស័ព្ទនៅពេលឮសំលេងផ្គរមិនត្រូវជិះម៉ូតូឬកង់ដាច់តែឯងនៅទីវាលនៅពេលមេឃភ្លៀង។ មិនត្រូវអង្គុយក្នុងតង់និងអង្គុយនៅក្រោមដើមឈើឡើយតែក្នុងករណីមិនអាចរកទីជម្រកបានត្រូវអង្គុយបន្ទន់ខ្លួនដោយរក្សាចម្ងាយ៤ម៉ែត្រពីមែកឈើ៕


