ម្ចាស់ហាងនិងភ្ញៀវចំនួន២នាក់ ដែលល្មើសវិធានការសុខាភិបាល ត្រូវបានទៅតុលាការចាត់ការតាមផ្លូវច្បាប់

ភ្នំពេញ: នគរបាលខណ្ឌទួលគោកបញ្ជូនខ្លួនម្ចាស់ហាងនិងភ្ញៀវចំនួន២នាក់ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ក្រោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះបង្រ្កាបហាងមួយកន្លែងយីហោផាតធី បង្កប់បើកច្រៀងខារ៉ាអូខេ ស្ថិតនៅចំណុចភោជនីយដ្ឋាន ផ្ទះផាតធី មានទីតាំងផ្ទះលេខ២៣០ ផ្លូវលេខ២៦១ កែងផ្លូវលេខ១៣៨ ក្រុម២២ ភូមិ៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

កាលពីចុងសប្ដាហ៍កន្លងទៅនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក រាជធានីភ្នំពេញ ឆ្មក់ចូលបង្រ្កាបហាងមួយកន្លែងយីហោ ផាតធី ឃាត់ខ្លួនមនុស្សប្រុសស្រី១៣នាក់ ដែលលួចបង្កប់ជួបជុំផឹកស៊ីនិងបើកច្រៀងខារ៉ាអូខេល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងល្មើសវិធានក្រសួងសុខាភិបាលខណៈដែលរាជធាធានីភ្នំពេញកំពុងដាក់ចេញនូវវិធានការរដ្ឋបាលដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បប្លែងថ្មី(DELTA)ដែលកំពុងឆ្លងចូលសហគមរាជធានីភ្នំពេញជាបន្តបន្ទាប់នោះហើយ។

លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាក់ឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះបានឆែកឆេររកឃើញថា ម្ចាស់ទីតាំងឈ្មោះ អៀ ឆវុធ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បានលួចបើកបន្ទប់ខារ៉ាអូខេ ០១បន្ទប់ និងបុគ្គលិកចំនួន ១៣នាក់ ស្រី ៧នាក់។ ក្រោយប្រតិបត្តិការ ចប់កម្លាំងសមត្ថកិច្ចបានបិទទីតាំងជាបណ្តោះអាសន្នរងចាំបន្តអនុវត្តតាមនីតិវិធី។ មនុស្សចំនួន១៣នាក់នោះ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួរនិងធ្វើតេស្តរហ័សដើម្បីរកវីរុសកូវីដ១៩ ជាលទ្ធផលគឺពួកគេអវិជ្ជមាន។

លោកអធិការបញ្ជាក់ឱ្យដឹងទៀតថា បន្ទាប់ពីនគរបាលខណ្ឌទួលគោកបញ្ជូនមនុស្សចំនួន១៣នាក់មកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករួចហើយដោយយោងតាមការណែនាំរបស់ថ្នាក់លើ មនុស្សចំនួន១១នាក់ជាបុគ្គលិកហាង ត្រូវបានអប់រំឱ្យធ្វើកិច្ចសន្យានឹងដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ។ដោយឡែកបញ្ជូនជនសង្ស័យ០២នាក់ប៉ុណ្ណោះដែលម្ចាស់ហាងនិងភ្ញៀវ ទៅតុលាការចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃកាលបីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងអំឡុងដាក់ចេញនូវវិធានការដ្ឋបាលក៏ត្រូវបានហាមឃាត់ចំពោះមុខរបររឺអាជីវកម្មដែលមានហានិភ័យបង្កឆ្លងរាលដាលជំងឺកូវីដ១៩ ជាមួយនឹងការអនុវត្តបំរាមគោចរដោយបានធ្វើការហាមឃាត់នៃការធ្វើដំណើរ និងការប្រកបមុខរបរអាជីវកម្មចាប់ពីវេលាម៉ោង៩យប់រហូតដល់ម៉ោង៣ទាបភ្លឺ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២