ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនវ៉ាជែងនិងរថយន្តទៀត បានជ្រុលទៅបុកនឹងម៉ូតូពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីម៉ោងជាង៨យប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះម៉ន ផានុត អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិស្រែគុយ ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហាយលែនឌ័រពណ៍ទឹកប្រាក់មិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានបើកវ៉ាជាមួយនឹងរថយន្តមួយគ្រឿងស្រាប់តែជ្រុលទៅបុកពេញទំហឹងជាមួយនិងម៉ូតូមួយគ្រឿងម៉ាកសង់សេ125 សេរីឆ្នាំ 2013 ពណ៌ខ្មៅពាក់ស្លាកលេខពេញភ្នំពេញ1BC 5007ដែលបើកបរដោយយុវជនម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបង្កបានបើកបន្តរត់គេចខ្លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយឡែកសពជនរងគ្រោះក្រោយសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់ឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕


