ហៃទី៖ តាមការចុះផ្សាយរបស់សារព័ត៌មានចិន ស៊ីន ហួរ នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២១ បានឲ្យដឹងថា អាជ្ញាធរនៃប្រទេសហៃទីបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ កាលពីថ្ងៃសៅរ៍ ទី១៤ ខែសីហា បានកើនដល់ ១,២៩៧នាក់ហើយ ខណៈមនុស្សជាង ៥,៧០០នាក់ផ្សេងទៀតរងរបួស។
បើតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី USGS របស់សហរដ្ឋអាមេរិកបាតុភូតរញ្ជួយផែនដីខាងលើ បានកើតឡើងនៅតំបន់ភាគនិរតីប្រទេសហៃទី ដោយចំណុចរំញ័ររបស់វា ស្ថិតនៅចម្ងាយ ៨គីឡូម៉ែត្រពីក្រុងឈ្មោះថា Petit Trou de Nippes នៅជម្រៅ ១០គីឡូម៉ែត្រក្រោមផ្ទៃដីផ្ទាល់តែម្តង ដែលអាចបង្កឲ្យមានការបំផ្លិចបំផ្លាញាកម្រិតធ្ងន់។
ក្រុមអ្នកជួយសង្គ្រោះ កំពុងរើកកាយកម្ទេចកម្ទី ក្នុងក្តីសង្ឃឹមស្វែងរកអ្នកនៅរស់រានមានជីវិត។
ផ្ទះ ព្រះវិហារនិងសាលារៀន ស្ថិតក្នុងចំណោមអគារដែលត្រូវកម្ទេច ក្នុងការរញ្ជួយដីនេះ។ មន្ទីរពេទ្យខ្លះ កំពុងណែនតាន់តាប់ដោយអ្នករបួស ហើយត្រូវការការផ្គត់ផ្គង់។
បើតាមអាជ្ញាធរប្រទេសហៃទី ក្នុងចំណោមមនុស្សស្លាប់ខាងលើនេះ ១,០៥៤នាក់ស្ថិតនៅតំបន់ Sud, ១១៩នាក់នៅតំបន់ Grand’Anse ១២២នាក់នៅតំបន់ Nippes និង ០២នាក់ទៀតនៅតំបន់ Nord-Ouest ហើយភាគនិរតីប្រទេសហៃទី ជាកន្លែងទទួលរងការខូចខាតធ្ងន់ធ្ងរបំផុត ជាពិសេសនៅជុំវិញទីក្រុង Les Cayes។
គួរបញ្ជាក់ថា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានសម្តែងការតក់ស្លុត និងសោកស្តាយជាទីបំផុត ចំពោះសោកនាដកម្មបង្កឡើងដោយគ្រោះរញ្ជួយដីនៅហៃទី។ លោកបានអះអាងថា មន្ត្រីនៃទីភ្នាក់ងារ UN កំពុងសហការជាមួយអាជ្ញាធរហៃទី ដើម្បីជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍នោះ៕