មន្រ្តីជំនាញចុះពិនិត្យយកសំណាកពលរដ្ឋនិងអាជីវករជាង២០០នាក់នៅផ្សារ៧មករា ក្រោយពីមានអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីDelta ៣នាក់ បានចេញចូលផ្សារ

ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានដឹកនាំមន្ត្រីនិងអាជ្ញាធរសង្កាត់ ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងផ្សារ៧មករា ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្រោយពីបានបិទខ្ទប់ កាលពីយប់មិញ ដើម្បីពិនិត្យយកសំណាកបងប្អូនប្រជាពលរដ្ឋនិងអាជីវករ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ដោយសារតែមានអ្នកមានវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ដែលតា(Delta) ចំនួន៣នាក់បានចេញ ចូលទិញឥវ៉ាន់ក្នុងផ្សារនេះ។

ការត្រួតពិនិត្យទីតាំងយកសំណាក នៅផ្សារ៧ មករាពីសំណាក់លោកអភិបាលខណ្ឌនេះ ធ្វើឡើង ដើម្បីជំរុញឲ្យក្រុមការងារយកចិត្តទុកដាក់លើការយកសំណាក ការជំរុញឲ្យអនុវត្តនូវវិធាន សុខាភិបាលពិសេសគឺ ការអនុវត្តវិធាន ៣កុំនិង៣ការពាររបស់សម្ដេចតេជោហ៊ុន សែន ក្នុងកិច្ចការពារទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩។
លោក អភិបាលខណ្ឌបានបញ្ជាក់ឲ្យដឹងថាបងប្អូនប្រជាពលរដ្ឋនិងអាជីវករដែលបានយកសំណាកនៅផ្សារ ៧មករានេះ មានចំនួនជាង២៥២នាក់ ហើយការបង្កើតអោយមានការពិនិត្យយកសំណាកនេះ គឺដោយសារតែ មានបងប្អូនប្រជាពលរដ្ឋចំនួន៣នាក់មានវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា(Delta) ។

លោក ឯក ឃុនដឿន បានមានប្រសាសន៍បន្តថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទួលគោក សហការជាមួយនឹងក្រុមគ្រូពេទ្យ ចុះពិនិត្យយកសំណាក បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីបុគ្គលមួយទៅបុគ្គលមួយទៀត។

លោកបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងអស់ក្រៅពីយកសំណាកនៅទីតាំង បងប្អូនអាចទៅយកសំណាងនៅវិទ្យាល័យបាក់ទូក មួយទីតាំងទៀត ។

លោកអភិបាលខណ្ឌទួលគោកបានឲ្យដឹងជាចុងក្រោយថាលទ្ធផលបងប្អូនប្រជាពលរដ្ឋចំនួន២៥២នាក់ដែលមកយកសំណាកនៅចំណុចផ្សារ៧មករា គឺអវិជ្ជមានទាំងអស់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២