ស្លាប់០៤នាក់ និង០៤នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តដឹកពលករខ្មែរ ធ្លាក់ចូលប្រឡាយទឹក នៅឯប្រទេសថៃ

ភ្នំពេញ ៖ ពិតជាគួរអោយអាសូរជាពន់ពេក ក្នុងហេតការណ៍គ្រោះថ្នាក់ចរាចរណ៍នៅឯប្រទេសថៃ បណ្តាលអោយមនុស្ស០៤នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ពលករខ្មែរចំនួន០៣នាក់ និងជនជាតិថៃដែលជាអ្នកបើកបរ រថយន្ត ចំណែកអ្នករួមដំណើរ០៤នាក់ផ្សេងទៀត បានទទួលរងរបួស ដោយសារតែប៉ូលិសថៃដេញ ទើបអ្នកបើករថយន្ត ប្រឹងបើករត់គេច ក្នុងល្បឿនលឿន ធ្លាក់ចូលក្នុងស្រះទឹក។

ហេតុការណ៍គ្រោះថ្នាក់ដ៏គួរអោយរន្ធត់នេះ បានកើតឡើង កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្នុងស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ដោយរថយន្តស៊េរីទំនើបមួយគ្រឿង ដឹកពលករខ្មែរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ របស់ប៉ូលិសថៃ ចំនួន២កន្លែង ត្រូវបានប៉ូលិសដេញតាម ពីក្រោយដោយក្នុងល្បឿនលឿនពេក ក៏រ៉េចង្កូតធ្លាក់ចូលក្នុងស្រះទឹកតែម្តង។

សេចក្តីរាយការណ៍បន្ថែមពីហេតុការណ៍នេះបានអោយដឹងទៀតថា នៅកន្លែងកើតហេតុ សមត្ថកិច្ចបានសួរចម្លើយអ្នករងរបួស ដែលនៅមានជីវិតអង្គុយក្នុងរថយន្តថា ពួកគេមកពីផ្សាររោងក្លឿ តាមរយៈការទាក់ទងមេខ្យល់មានមនុស្សមកទទួលហើយ បង់លុយ៧៥០០បាតក្នុងមួយនាក់ មកជាមួយគ្នា៧នាក់គឺ ប្រុសចំនួន២នាក់ ស្រីចំនួន០៣នាក់ និង ក្មេងស្រី ចំនួន០២នាក់ អាយុ០២ឆ្នាំម្នាក់ និង អាយុ១ខែម្នាក់រួមជាមួយ អ្នកបើកបរជាជនជាតិថៃម្នាក់សរុបចំនួន០៨នាក់។

ប្រភពបន្តថា នៅពេលមកដល់ប៉ុស្តិ៍ប៉ូលិសណងសាងជាប៉ុស្តិ៍ត្រួតពិនិត្យ របស់មន្ត្រីប៉ូលីសនិងអនុរក្សការពារព្រំដែនស្រាប់តែ អ្នកបើកបរបានបង្កើនល្បឿនឡើងដើម្បីគេចវេសពីប៉ុស្តិ៍ត្រួតពិនិត្យ។ ដូច្នេះបណ្តាលឱ្យមានការតាមស្ទាក់ចាប់ខ្លួនពីមន្ត្រីប៉ូលីសនិងធ្វើអោយ ប៉ូលីសប៉ុស្តិ៍គោកខ្យូង ស្ទាក់ចាប់រថយន្តនោះនៅពេលមកដល់។ ទំនងជាមានការស្លន់ផងលុះដល់ចំណុចផ្លូវបែកជាបីគេបានឃើញថា រថយន្តបានបោះពួយទៅត្រង់ ក៏ធ្លាក់ក្នុងស្រះទឹកតែម្តងទើបបាន សមត្ថកិច្ចជួយសង្គ្រោះ ដោយរកឃើញថា មនុស្ស៤នាក់ បានស្លាប់ម្នាក់ជាជនជាតិថៃ (អ្នកបើកបរ) ស្លាប់ស្ត្រីម្នាក់និងក្មេងស្រីតូចៗ២នាក់ សរុប៤នាក់ រីឯមនុស្ស៤នាក់ទៀត បានចេញពីក្នុងរថយន្តផុតពី សេចក្តីស្លាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២