កាប៊ុល ៖ កាលពីថ្ងៃទី ១៩ ខែសីហា នេះ នៅទីក្រុងកាប៊ុល និងភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានក្រុមបាតុករអាហ្វហ្គានីស្ថានបានប្រមូលផ្តុំគ្នានៅថ្ងៃព្រហស្បតិ៍ចំថ្ងៃបុណ្យឯករាជ្យរបស់អាហ្វហ្គានីស្ថានក្នុងការបង្ហាញពីការប្រឆាំងនឹងការ កាន់កាប់ របស់ តាលីបង់ ជាពិសេសច្បាប់របស់ក្រុម ។
នៅថ្ងៃបុណ្យឯករាជ្យរបស់អាហ្វហ្កានីស្ថានដែលជាការដកកងកម្លាំងអង់គ្លេសចេញពីប្រទេសនៅឆ្នាំ ១៩១៩ ជនជាតិអាហ្វហ្គានីស្ថានបានដើរតាមផ្លូវនៅទីក្រុងកាប៊ុលនិងកន្លែងផ្សេងទៀតដោយកាន់ទង់ជាតិអាហ្វហ្គានីស្ថានដើម្បីធ្វើការតវ៉ាជាមួយក្រុមតាលីបង់ដែលទើបនឹងចូលកាន់កាប់ទីក្រុងកាប៊ុលក្តៅៗ។
ស្ត្រីបានដឹកនាំក្រុមបាតុករប្រឆាំងពួកតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈពួកគេគ្រវីទង់ជាតិប្រឆាំងនឹងក្រុមឥស្លាមនិយមនេះ ដើម្បីប្រារព្ធទិវាឯករាជ្យ សម្រាប់ក្រុមតាលីបង់ គឺមានទង់ពណ៌សរបស់ខ្លួនដែលមានពាក្យឥស្លាមនៅលើវាហើយយ៉ាងហោចណាស់ទីក្រុងមួយក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះក្រុមបាតុករបានជំនួសវាដោយទង់ជាតិអាហ្វហ្គានីស្ថាន។
ក្រុមបាតុករជាស្ត្រី បានដើរនៅតាមដងផ្លូវក្នុងទីក្រុងកាប៊ុល ដោយគ្រវីទង់ជាតិពណ៌ខ្មៅ ក្រហមនិងបៃតង ដែលបានក្លាយជានិមិត្តរូបនៃការប្រឆាំងនឹងមេដឹកនាំជីហាដរបស់ប្រទេស។
ក្រុមយុទ្ធជនឥស្លាមនិយមនេះ ក៏បានប្រារព្ធទិវាឯករាជ្យតាមវិធីផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ដោយការបង្ហូតទង់ពណ៌ខ្មៅនិងស ហើយអះអាងអំពីជ័យជម្នះលើកងកម្លាំងអាមេរិក។
កាលពីថ្ងៃព្រហស្បតិ៍ ក្បួនរថយន្តនិងមនុស្សនៅជិតព្រលានយន្តហោះទីក្រុងកាប៊ុល បានកាន់បដាពណ៌ខ្មៅ ក្រហមនិងបៃតងដ៏វែងដើម្បីគោរពទង់ជាតិអាហ្វហ្គានីស្ថាន។
ក្រុមអ្នកតវ៉ា ថែមទាំងបានលើកទង់ជាតិនៅទីលាន Abdul Haq ក្នុងរដ្ឋធានីទៀតផង ដើម្បីបង្ហាញពីការតស៊ូដោយភាពក្លាហាន។
នៅឯការតវ៉ាមួយទៀតក្នុងខេត្ត Nangarhar វីដេអូដែលបង្ហោះតាមអ៊ីនធើណិត បានបង្ហាញពីបាតុករមានហូរឈាម ជាមួយស្នាមរបួសគ្រាប់កាំភ្លើង។
នៅខេត្ត Khost អាជ្ញាធរតាលីបង់បានដាក់បំរាមគោចរ ២៤ ម៉ោងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបំបែកការតវ៉ាមួយទៀតដោយហិង្សា៕