គ្រោះរញ្ជួយដីនៅប្រទេសហៃទី បណ្តាលឲ្យមនុស្សស្លាប់កើនដល់ ២,១៨៩នាក់ និងជាង ១២,០០០នាក់រងរបួស

ហៃទី៖ បើតាមសារព័ត៌មានចិន ស៊ីន ហួរ បានធ្វើបច្ចុប្បនភាពនៅថ្ងៃទី ២០ ខែ សីហា នេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.២រ៉ិចទ័រ វាយប្រហារភាគនិរតីប្រទេសហៃទី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានបណ្តាលឲ្យចំនួនមនុស្សស្លាប់កើនដល់ ២,១៨៩នាក់ និងជាង ១២,០០០នាក់ទៀតរងរបួស នេះបើតាមរបាយការណ៍ចេញពី ទីភ្នាក់ងារការពារស៊ីវិល (CPA)។

មកដល់ពេលនេះ ប្រតិបត្តិការជីកកកាយនៅតាមគំនរអគារបាក់បែក នៅតែកំពុងបន្តនៅឡើយ ដើម្បីស្វែងរកមនុស្សបាត់ខ្លួន។ នេះជាគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុតមួយទៀត ដែលបានធ្វើឲ្យលំនៅឋានប្រជាជន និងអគារសាធារណៈនានា រងការបំផ្លិចបំផ្លាញយ៉ាងដំណំ ព្រមទាំងបានធ្វើឲ្យបណ្តាញទ្រទ្រង់មន្ទីរពេទ្យ នៃប្រទេសដីកោះមួយនេះដួលរលំផងដែរ។

ជាមួយគ្នានេះផងដែរ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស បានប្តេជ្ញាជួយសង្គ្រោះហៃទី ក្នុងគ្រាដ៏លំបាកវេទនាបំផុតនេះ។ លោក ហ្គូទែរែស បានបន្តថា អង្គការសហប្រជាជាតិនឹងឈរនៅជាមួយហៃទី និងគាំទ្រគ្រប់ជំហាន ដើម្បីដើរចេញពីវិបត្តិមួយនេះ។

គួររំលឹកថា ប្រទេសហៃទីក៏ធ្លាប់បានជួបប្រទះគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រផងដែរ កាលពីខែមករា ឆ្នាំ២០១០ នៅរដ្ឋធានីព័រអូព្រីន ដែលបានសម្លាប់មនុស្សរហូតដល់ជាង ២០០,០០០នាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២