ចុះណែនាំប៉ុន្មានដងតែម្ចាស់ផ្ទះមិនស្តាប់អាជ្ញាធរខណ្ឌបឹងកេងកងចុះអនុវត្តវិធានការរដ្ឋបាលរុះរើសំណង់លំនៅដ្ឋានខុសច្បាប់មួយកន្លែងស្ថិតក្នុងបរិវេណវិទ្យាល័យព្រះយុគន្ធ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌបឹងកេងកងបានចុះអនុវត្តវិធានការរដ្ឋបាលរុះរើសំណង់លំនៅដ្ឋានខុសច្បាប់មួយកន្លែងស្ថិតក្នុងបរិវេណវិទ្យាល័យព្រះយុគន្ធ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដែលធ្វើឡើងក្រោយមានការស្នើរសុំពីមន្ទីរអប់រំ យុវជន និងកីឡា ដែលម្ចាស់ផ្ទះនេះបានធ្វើការផ្សាបន្ថែមដោយខុសច្បាប់។

លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានឱ្យដឹងថា ការចុះរុះរើទីតាំងសាងសង់ខុសច្បាប់ធ្វើឡើងក្រោយមានការស្នើរសុំពីមន្ទីរអប់រំ យុវជន និងកីឡា ដោយសារទីតាំងខាងលើ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យព្រះយុគន្ធផ្នែកខាងក្រោយ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ការចុះអនុវត្តវិធានការនេះ អាជ្ញាធរបានកាត់ និងរុះរើដំបូលដែកដែលទើបផ្សាភ្ជាប់ថ្មី ដែលម្ចាស់ផ្ទះបានធ្វើការផ្សាបន្ថែមដោយខុសច្បាប់។ បន្ទាប់មក អាជ្ញាធរបានកាត់ស្ទូចដំបូលចេញ និងរុះរើអតីតរោងកង់ទីនរបស់សាលាដែលត្រូវម្ចាស់ផ្ទះយកធ្វើជាកម្មសិទ្ធឯកជន។

ជាមួយគ្នានេះ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងថា លោក វង់ វណ្ណា ជាអ្នកស្នាក់នៅក្នុងវិទ្យាល័យព្រះយុគន្ធ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង បានរំលោភបំពានសាងសង់លំនៅដ្ឋានពង្រីកបន្ថែមនៅក្នុងវិទ្យាល័យដោយគ្មានកាអនុញ្ញាត ទោះមានការចុះមកណែនាំឱ្យផ្អាកការសាងសង់របស់រដ្ឋបាលខណ្ឌបឹងកេងកងចំនួន ២លើក រួចមកហើយក៏ដោយ។

លោកប្រធានមន្ទីរអប់រំបានបន្ថែមថា ទោះជាក្រុមការងារបានប្រាប់ទៅម្ចាស់ផ្ទះខាងលើកុំឱ្យធ្វើការសាងសង់សំណង់បន្ថែម តែម្ចាស់ផ្ទះមិនព្រមអនុវត្តតាម និងបន្តសាងសង់ដំបូលបន្ថែមថ្មី ហើយអាជ្ញាធរក៏ចុះមកធ្វើការរុះរើតែម្តង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២