សហរដ្ឋអាមេរិកគ្រោងពន្យារពេលបន្ថែម ដើម្បីជម្លៀសពីមនុស្សពីអាហ្វហ្គានីស្ថាន ខណៈលោក ចូ បៃដិន កំពុងរងសម្ពាធចំពោះមុខ ក្រុមប្រទេស G7 ពាក់ព័ន្ធនឹងរឿងនេះ

អាមេរិក៖ សហរដ្ឋអាមេរិកគ្រោងពន្យារពេលបន្ថែមចំពោះប្រតិបត្តិការជម្លៀសមនុស្សពីអាហ្វហ្គានីស្ថានដែលនឹង ហួសកាលបរិច្ឆេទកំណត់ត្រឹមថ្ងៃទី៣១ ខែសីហានេះដែរ ខណៈប្រជាជនអាហ្វហ្កានីស្ថាន និងជនបរទេសរាប់ពាន់នាក់នៅតែបន្តនាំគ្នាសម្រុកចូល អាកាសយានដ្ឋានក្នុងរដ្ឋធានីកាប៊ុល ដើម្បីចាកចេញពីអាហ្វហ្កានីស្ថាន ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ នេះបើតាមសារព័ត៌មាន Rueters ។

មន្ត្រីអាមេរិក ០២រូប បានអះអាងថា សហរដ្ឋអាមេរិកអាចនឹងបន្តប្រតិបត្តិការជម្លៀសមនុស្ស ហួសកាលបរិច្ឆេទកំណត់ថ្ងៃទី៣១ ខែសីហា ស្របពេលមន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ទៀត ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដែរ ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជនអាហ្វហ្កានីស្ថានងាយរងគ្រោះ ដោយសង្កត់ធ្ងន់ដូចគ្នាថា ការជម្លៀសនឹងមិនបញ្ចប់ត្រឹមថ្ងៃទី៣១ ខែសីហានោះទេ។

ជាមួយគ្នានេះផងដែរថា តាមសារព័ត៌មាន CNA ក៏បានឲ្យដឹងដែរថា ចំពោះមុខមេដឹកនាំនៃក្រុមប្រទេស G7 និងការព្រមានទុកជាមុនដោយក្រុមតាលីបង់ លោក ចូ បៃដិន ត្រូវបានគេមើលឃើញថា កំពុងទទួលរងសម្ពាធខ្លាំងរួចជាស្រេចទៅហើយ មុននឹងចូលរួមកិច្ចប្រជុំ និងធ្វើការសម្រេចចិត្តមួយ។

បណ្តាប្រទេសលោកខាងលិច ត្រូវបានគេមើលឃើញថា កំពុងតែស្វះស្វែងជំរុញឲ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រេចចិត្តភ្លាមៗអំពីការអូសបន្លាយពេលបន្ថែម ឲ្យលើសពីកាលកំណត់ថ្ងៃទី៣១ ខែសីហា ដើម្បីជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន ខណៈជាងមួយសប្តាហ៍មកនេះ ចំនួនមនុស្សនៅតែកកកុញ ក្នុងព្រលានយន្តហោះទីក្រុងកាប៊ុល រង់ចាំការជម្លៀសចេញនៅឡើយ។

គួរបញ្ជាក់ថា ទោះបីជាក្រុមតាលីបង់បានព្រមានទុកមុន អំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើសហរដ្ឋអាមេរិក ធ្វើការពន្យារពេលតាមការទាមទាររបស់សម្ព័ន្ធមិត្តក៏ពិតមែន តែមន្ត្រីសេតវិមានអាមេរិកនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានបង្ហើបឲ្យដឹងថា អាមេរិកកំពុងចរចាជាមួយតាលីបង់ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២