ភ្លៀងធ្លាក់មួយមេ នៅខេត្តព្រះសីហនុ បណ្តាលអោយជនលិចតំបន់ខ្លះ បុរសម្នាក់ធ្លាក់ចូលប្រឡាយតែត្រូវបានជួយទាន់ ចំណែកជនបរទេសម្នាក់ទៀតបានស្លាប់ ទើបរកសពឃើញ

ខេត្តព្រះសីហនុ ៖ កាលពីម៉ោងប្រហែល១៧និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ មានដំណឹងពីប្រជាពលរដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ចខេត្តព្រះសីហនុថា ស្ថិតលើផ្លូវមិត្តភាព ក្បែរដុនបូស្កូ មានមនុស្សម្នាក់បានធ្លាក់ចូលប្រឡាយ ប៉ុន្តែត្រូវបានបងប្អូនប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេលវេលា រីឯបុរសមិនស្គាល់អត្តសញ្ញាណ និងជាជនជាតិបរទេស បានធ្លាក់ទៅក្នុងទឹកប្រឡាយអូរប្រាំ បាត់ខ្លួនតែម្តង ហើយសេចក្តីរាយការណ៍ពីសមត្ថកិច្ចមកថា បុរសជនបរទេសរូបនោះ ត្រូវបានគេប្រទះឃើញស្លាប់បាត់ទៅហើយ។

ប្រតិបត្តិការជួយសង្រ្គោះក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈភិបាលខេត្តព្រះសីហនុ ដែលបានចាប់ផ្តើមភ្លាមៗកាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដើម្បីស្វែងរក និងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានទឹកហូរគួចយកទៅក្នុងខណៈពេលដែលកំពុងមានភ្លៀងធ្លាក់ខ្លាំង នៅចំនុចអូរ០៥ ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មកទល់ម៉ោងជិត១១ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ គឺបានរកឃើញសាកសពជនរងគ្រោះហើយ គឺស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា ៖ បន្ទាប់ពីទទួលព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានចេញបញ្ជាឲ្យកម្លាំងអធិកាដ្ឋាននគរបាលក្រុងសហការជាមួយកម្លាំងទីបញ្ជាការស្រាល គណៈបញ្ជាការឯកភាពក្រុង និង ក្រុមការងារជួយសង្គ្រោះ ស្រាវជ្រាវរកជនរងគ្រោះនៅចំណុចកើតហេតុ។

គិតត្រឹមម៉ោង០៨និង២០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ កម្រិតទឹកភ្លៀងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានកម្ពស់រហូតដល់២៤៩មីល្លីម៉ែត្រ ដែលបណ្ដាលឲ្យតំបន់មួយចំនួនរងនូវការលិចលង់ចូលក្នុងផ្ទះសម្បែង។

ពេលកំពុងភ្លៀងលិចលង់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនកម្លាំងចំនួន 30 នាក់ ដើម្បីចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋរស់នៅតាមតំបន់ដែលកំពុងជន់លិចដោយទឹកភ្លៀង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២