ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនគណនីហ្វេសបុកមួយថាមានលួចលាក់បើខារ៉ាអូខេចំនួន២ទីតាំង

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ សូមឆ្លើយតបបំភ្លឺជូនគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ បានផ្ញើសាររាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលមានខ្លឹមសារថា: (សូមជម្រាបរាយការណ៍ជូន លោកស្នងការខេត្តកណ្ដាល ដ៏ខ្ពង់ខ្ពស់ នៅខារ៉ាអូខេចាន់ចាវ និងខារ៉ាអូខេសេអ៊ូល បានលួចបើកដំណើរការស្ងាត់ មិនខ្វល់ពីការហាមឃាត់ឡើយ ទប់ស្កាត់កូវីដរបស់រដ្ឋទេ ខ្ញុំឃើញមនុស្សចូលរាល់យប់ តាមទ្វារក្រោយ ទីតាំងទាំងពីរ នៅឃុំរកាកោងទី១ ស្រុកមុខកំពូល។ សូមលោកស្នងការជួយពិនិត្យផង ខ្លាចមានការឆ្លងកូវីដចូលភូមិឃុំខ្ញុំរស់នៅដោយការមិនប្រយ័ត្នរបស់អ្នកផឹកស៊ីមួយចំនួនតូច ជូនពរលោកមានសុខភាពល្អ ! សូមអរគុណ)។

ក្រោយពីទទួលបានពត៍មានរួចមក និងមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុក បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាកោងទី១ និងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី២ ចុះពិនិត្យឃ្លាំមើលទីតាំងខាងលើបើល្មើសនឹងចាត់ការតាមច្បាប់។

ជាលទ្ធផលនៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាកោងទី១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី២ បានចុះទៅដល់ទីតាំង អាហារដ្ឋាននិងខារ៉ាអូខេ សេអ៊ូល ដែលស្ថិតនៅក្នុងឃុំរកាកោងទី១ និង អាហារដ្ឋាននិងខារ៉ាអូខេចាន់ចាវ ស្ថិតក្នុងឃុំរកាកោងទី២ ធ្វើការត្រួតពិនិត្យទាំងពីរទីតាំងនេះ ជាក់ស្ដែងគឺមិនមានការជួបជុំផឹកស៊ី នៅកន្លែងអាហារដ្ឋាន និងច្រៀងខារ៉ាអូខេ ទាំងពីរទីតាំងខាងលើនេះឡើយ ចំពោះរូបភាពដែលបានផ្សព្វផ្សាយនោះមិនដឹងជារូបភាពពីថ្ងៃណាមកទេ(ជារូបភាពចាស់)។ ក្រោយពីសមត្ថកិច្ចយើងស្រាវជ្រាវ ត្រួតពិនិត្យទាំងពីរទីតាំងនោះរួចមក បានធ្វើកិច្ចសន្យាណែនាំបន្ថែមទៀតចំពោះម្ចាស់ទីតាំងអាហារដ្ឋាន និងខារ៉ាអូខេទាំងពីរ ដាច់ខាតមិនឱ្យបើកលក់ដូរមានមនុស្សជួបជុំផឹកស៊ីនិងច្រៀងខារ៉ាអូខេនៅក្នុងទីតាំងរបស់ខ្លួន ដោយអនុញ្ញាតលក់ជាលក្ខណៈវេចខ្ចប់ម្ហូបអាហារជូនភ្ញៀវតែប៉ុណ្ណោះ។ ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងត្រូវអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារទាំងអស់គ្នា បើពុំនោះទេសមត្ថកិច្ចយើង និងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់យ៉ាងតឹងរឹងបំផុត។

ចំពោះទីតាំងទាំងពីរនេះ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បន្តតាមដានឃ្លាំមើលជាប្រចាំ។ ប្រសិនជាប្រទះឃើញមានការលួចលាក់បើកអាជីវកម្មដូចប្រជាពលរដ្ឋរាយការណ៍មែន និងចាត់ការតាមច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២