លោកស្រី ហារីសអំពាវនាវឱ្យវៀតណាមចូលរួមជាមួយអាមេរិកប្រឆាំងការគំរាមកំហែងរបស់ចិន

ហាណូយ – អនុប្រធានប្រធាននាធីបតីអាមេរិក លោកស្រី កាម៉ាឡាហារីសបានអំពាវនាវឱ្យវៀតណាមចូលរួមជាមួយអាមេរិកដើម្បីប្រឆាំងនឹង“ ការគំរាមកំហែង” របស់ចិននៅសមុទ្រចិនខាងត្បូង បើតាមសារព័ត៌មាន AP ។

លោកស្រីបាននិយាយនៅក្នុងសុន្ទរកថាមួយថា“ យើងត្រូវរកវិធីដើម្បីដាក់សម្ពាធនិងបង្កើនសម្ពាធលើទីក្រុងប៉េកាំងដើម្បីឲ្យគេគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រនិងដើម្បីប្រឆាំងនឹងការសម្លុតគំរាមកំហែងនិងការទាមទារដែនសមុទ្រច្រើនហួសប្រមាណរបស់ចិន” ។

ការអត្ថាធិប្បាយរបស់លោកស្រីធ្វើតាមពាក្យសំដីដ៏មុតស្រួចដាក់ចំៗទៅកាន់ទីក្រុងប៉េកាំងអំឡុងសុន្ទរកថាមួយនៅសិង្ហបុរីកាលពីថ្ងៃអង្គារដែលលោកស្រីបាននិយាយថាសកម្មភាពរបស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូងមានទាំង“ ការបង្ខិតបង្ខំ” និង“ ការបំភិតបំភ័យ” ។

ថ្ងៃពុធនេះនៅប្រទេសវៀតណាមលោកស្រី ហារីសក៏បាននិយាយផងដែរថាសហរដ្ឋអាមេរិកគាំទ្រវៀតណាមក្នុងការបញ្ជូនឆ្មាំឆ្នេរសមុទ្របន្ថែមដើម្បីជួយការពារផលប្រយោជន៍សន្តិសុខរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ ហើយលោកស្រីបានលើកកម្ពស់ទំនាក់ទំនងជាមួយវៀតណាមពីភាពជាដៃគូគ្រប់ជ្រុងជ្រោយរហូតដល់ភាពជាដៃគូយុទ្ធសាស្ត្រដែលជានយោបាយការទូតដែលនឹងឆ្លុះបញ្ចាំងពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងអតីតសត្រូវនៃភាគីទាំងពីរ។

យើងមើកឃើញថា ទាំងនេះគឺជាវិធានរបស់រដ្ឋបាលលោក ចូ បៃឌិន ដើម្បីពង្រឹងសម្ព័ន្ធភាពរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងកិច្ចប្រឹងប្រែងដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិន។ ដំណើររបស់លោកស្រី ហារីសនៅទីនោះដែលរួមបញ្ចូលទាំងការឈប់នៅសិង្ហបុរីកាលពីដើមសប្តាហ៍នេះមានគោលបំណងពង្រីកការចូលរួមរបស់អាមេរិកជាមួយប្រទេសទាំងពីរនិងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជារឿងចៃឌនឡើយដែលអាមេរិកបញ្ជូនបេសកជនជាន់ខ្ពស់មកធ្វើដំណើរទស្សនកិច្ចនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយនេះ ដោយសារតែអំណាចរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងកាន់តែមានឥទ្ធិពល ព្រមទាំងជាយុទ្ធសាស្រ្តមួយក្នុងការខ្ទប់ការរះឡើងខ្លាំងលឿនពេករបស់ចិនផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២