កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំទេយ្យវត្ថុ ប្រគេនថ្វាយ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈសម្តេចព្រះសង្ឃនាយក និងប្រគេនសម្តេចព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅតាមវត្តចំនួន ៨

ភ្នំពេញ ៖ នៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំទេយ្យវត្ថុសម្រាប់ប្រគេនថ្វាយ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក និងប្រគេនសម្តេចព្រះសង្ឃ-ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅតាមវត្តចំនួន ៨ (ក្នុងនោះ ៦វត្ត នៅរាជធានីភ្នំពេញ និង ២វត្ត នៅខេត្តកណ្តាល)។

កម្មវិធីនេះប្រព្រឹត្តទៅនៅពេលព្រឹក ក្រោមវត្តមាន លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលក្រាបបង្គំគាល់ និងនាំយកទេយ្យវត្ថុប្រគេនថ្វាយ សម្ដេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ គង់នៅវត្តឧណ្ណាលោម និងប្រគេនថ្វាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ គង់នៅវត្តបទុមវតីរាជវរារាម (ធម្មយុត្តិកនិកាយ)។

ពេលរសៀល គណៈប្រតិភូក្រុមទី១ ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុប្រគេនថ្វាយ-ប្រគេន សម្តេចព្រះសង្ឃ ព្រះសង្ឃ គង់នៅ វត្តបទុវតីរាជវរារាម (មហានិកាយ), វត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) នៅរាជធានីភ្នំពេញ និងវត្តស្វាយជ្រុំ នៅខេត្តកណ្តាល។ ទន្ទឹមនឹងនេះ គណៈប្រតិភូ ក្រុមទី២ ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុប្រគេន សម្តេចព្រះសង្ឃ ព្រះសង្ឃ គង់នៅវត្តលង្កាព្រះកុសុមារាម, វត្តទួលទំពូង នៅរាជធានីភ្នំពេញ និងវត្តប្រជុំនទី (ហៅវត្តក្រពើហា) នៅខេត្តកណ្តាល។

សូមបញ្ជាក់ថា ទេយ្យវត្ថុប្រគេនវត្តនីមួយៗរួមមាន ៖ អង្ករ ២តោន, មី៣០កេស, ត្រីខ៣កេស, ស្ករស២៥គីឡូក្រាម, តែ៥គីឡូក្រាម,ទឹកដោះគោខាប់ ១កេស, កាហ្វេកញ្ចប់ ១០កញ្ចប់ធំ, អូវ៉ាន់ទីន ២កេស, ទឹកក្រូច ៥កេស, ទឹកផ្លែឈើ៥កេស, ទឹកបរិសុទ្ធ១០កេស និងបច្ច័យចំនួន ១០.០០០.០០០ រៀល (ដប់លានរៀល)។ ប្រគេនថ្វាយ-ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះចៅអធិការវត្ត ១អង្គៗ នូវសាដក១ និងបច្ច័យ ១លានរៀល។ ប្រគេនព្រះសង្ឃ៦អង្គ នៅតាមវត្តនីមួយៗ ក្នុង១អង្គៗ ទទួលបាន សាដក ១ និងបច្ច័យ ២០ម៉ឺនរៀល។

ជាមួយគ្នានោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានសទ្ធាជ្រះថ្លាប្រគេនថ្វាយនូវទេយ្យវត្ថុផ្ទាល់ខ្លួន ចំពោះសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និង សម្តេចព្រះសង្ឃនាយក ក្នុង ១អង្គ ទឹកច្រតៀកកាំ ១កន្ត្រក, ភេសជ្ជៈ ១កន្ត្រក, ផ្លែក្រូចខ្វិច១កន្ត្រក , ទឹកប៉ោម២កេស, ត្រីងៀត ១កន្ត្រក និងបច្ច័យមួយចំនួនផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២