ស្ត្រីម្នាក់ដោតសាកថ្មទូរស័ព្ទបណ្តើរចុចលេងបណ្តើរបណ្តាលឲ្យឆក់ធ្លាក់លើតូបហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ៖ស្ត្រីជាអាជីវកលក់សាច់មាន់ម្នាក់បានតព្រីភ្លើងដាក់ក្នុងតូបដើម្បីសម្រាប់ប្រើប្រាស់តែខណៈដោតសាកថ្មីទូរស័ព្ទបណ្តើរចុចលេងបណ្តើរ ដោយសារខ្សែភ្លើងដាច់រលាត់ប៉ះជាមួយបង្គោលដែករោងតូបក៏ឆក់បណ្តាលឱ្យធ្លាក់ពីលើតូបមកដីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែដោយអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍ នេះបានកើតឡើងកាលពីម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខផ្សារព្រៃទា ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះម៉ាន់ ធីដា អាយុ៤០ឆ្នាំ មុខរបរលក់សាច់មាន់ ស្នាក់នៅជិតកន្លែងកើតហេតុ មានស្រុកកំណើតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតជនរងគ្រោះអង្គុយលក់ដូចសព្វមួយដងនៅទីតាំងកន្លែងកើតហេតុ លុះមកដល់វេលាកើតហេតុជនរងគ្រោះបានទាញព្រីដាក់ក្បែរខ្លួនដើម្បីសាកទូរស័ព្ទបណ្តើរចុចលេងបណ្តើ តែដោយសារខ្សែភ្លើងដាច់រលាត់ក៏ប៉ះជាមួយបង្គោលរោងដែក ទើបឆក់ធ្លាក់ពីលើតូបរងរបួសធ្ងន់ហើយភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរបានជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ តែដោយអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យទើបដឹកសពមកទីតាំងកន្លែងកើតហេតុវិញ និងរាយការណ៍ទៅសមត្ថកិច្ចពិនិត្យរួចប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២