Update! សមត្ថកិច្ចឃាត់ខ្លួនសង្ស័យម្នាក់ ករណីសង្ស័យសម្លាប់ក្មេងប្រុសអាយុ១២ឆ្នាំ ច្រកចូលបាវនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ក្រោយពីមានហេតុការណ៍ ចាក់សម្លាប់ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ច្រកចូលបាវប្លន់យកទ្រព្យសម្បត្តិ រួចយកសពទៅប្លុងចោល ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំចំណែកបក្ខពួកផ្សេងទៀតបានគេចខ្លួនបាត់។

ហេតុការណ៍ នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅបន្ទប់ជួលលេខ១៣ ជាន់ទី២ ក្នុងភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកឡេង វាសនា អធិការរងទទួផែនព្រហ្មទណ្ឌបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ថាពាក់នឹងករណីនេះផងដែរ ក្រោយកើតហេតុភ្លាមៗសមត្ចកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះគ្រីប ណាន់ អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១៣ ជាន់ទី២ ក្បែរកន្លែងកើតហេតុ។

លោកអធិការរងបន្តថា រហូតមកដល់ពេលនេះសមត្ចកិច្ចយើងកំពុងចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងឆែកតាមកាមេរ៉ាសុវត្ថិភាព ថាតើជនសង្ស័យដែលឃាត់ខ្លួននេះជាជនដៃដល់ រឺក៏មានបក្ខពួកផ្សេងទៀត ដែលកំពុងរត់គេចខ្លួនជាជនដៃដល់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះគៀន ដារ៉ា អាយុ១២ឆ្នាំ ជាសិស្ស រស់នៅបន្ទប់ជួលលេខ៥ ជាន់ទី១ជាមួយម្តាយ ក្នុងភូមិសង្កាត់កើតហេតុមានស្រុកកំណើតនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ស្ត្រីជាម្តាយជនរងគ្រោះបានមកស្នាក់នៅកន្លែងកើតហេតុអស់រយៈពេល២ឆ្នាំ ហើយគាត់ជាស្ត្រីមេម៉ាយ រាល់ថ្ងៃមានកូន២នាក់ ស្រីម្នាក់ប្រុសម្នាក់ កូនច្បងអាយុ១៥ឆ្នាំ ចំណែកកូនប្រុសដែលស្លាប់អាយុ១២ឆ្នាំ។ នៅថ្ងៃកើតហេតុក្មេងប្រុសរងគ្រោះបាននៅបន្ទប់ជួលតែម្នាក់ឯង ដោយម្តាយនិងបងស្រីទៅធ្វើការអស់។

ប្រភពពីម្តាយក្មេងរងគ្រោះបានបន្តឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានខលតាមទូរស័ព្ទមកកូនបំណងប្រាប់ថាគាត់នៅធ្វើការថែមម៉ោង តែខលមិនចូល បន្ទាប់មកក៏មានអ្នកស្នាក់នៅបន្ទប់ក្បែរបានខលប្រាប់គាត់ថា ឃើញទ្វារបន្ទប់គាត់បើកចំហតែមិនឃើញកូន ទេ ពេលនោះគាត់ក៏បានចេញពីធ្វើការមកបន្ទប់ជួលក៏មានការភ្ញាក់ផ្អើលដោយឃើញកូនរបស់គាត់ត្រូវជនដៃដល់ចាក់សម្លាប់ រួចយកសពទៅលាក់ទុកនៅជាន់ទី២ បន្ទប់លេខ១៣។

ក្រោយពីដឹងថាកូនរបស់គាត់ស្លាប់ហើយគាត់បានទៅពិនិត្យក្នុងបន្ទប់ជួលគាត់ឃើញថាបាត់បង់ខ្សែកផ្លាទីនមួយខ្សែ កូនជ្រូកសន្សំលុយមួយ ដែលក្នុងនោះមានលុយជាង៣០០ដុល្លារ និងទូរស័ព្ទម៉ាកOppo មួយគ្រឿង។

ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំបន្តតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២