អនុប្រធានាធិបតីអាមេរិកនិយាយថា ខ្លួនបន្តរក្សាភាពរឹងមាំ និងរក្សាស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង

វៀតណាម៖ អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ប្រទេសវៀតណាមកាលពីថ្ងៃពុធ ដោយសន្យាថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តរក្សាភាពរឹងមាំ និងរក្សាស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង នេះយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Nikkie។

លោកស្រី Harris បាននិយាយនៅរដ្ឋធានី ហាណូយថា ខ្ញុំសូមបញ្ជាក់ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងរក្សាវត្តមានដ៏រឹងមាំនៅក្នុងសមុទ្រចិនខាងត្បូង ហើយនឹងប្រឈមមុខជាមួយការគំរាមកំហែង និងការរំលោភបំពាននានារបស់ចិនលើដែនសមុទ្រនេះ។

ជាមួយគ្នានេះផងដែរថា អនុប្រធានប្រធាននាធីបតីអាមេរិក លោកស្រី កាម៉ាឡាហារីសបានអំពាវនាវឱ្យវៀតណាមចូលរួមជាមួយអាមេរិកដើម្បីប្រឆាំងនឹង“ ការគំរាមកំហែង” របស់ចិននៅសមុទ្រចិនខាងត្បូងផងដែរ។

លោកស្រីបានបន្តថា យើងត្រូវរកវិធីដាក់សម្ពាធនិងបង្កើនសម្ពាធដោយត្រង់ទៅលើទីក្រុងប៉េកាំង ឲ្យគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និងដើម្បីប្រឆាំងការសម្លុតគំរាមកំហែងនិងការទាមទារដែនសមុទ្រហួសប្រមាណ។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc បានគាំទ្រទំនាក់ទំនងកាន់តែរឹងមាំជាមួយ សហរដ្ឋអាមេរិក។

លោក Phuc បាននិយាយកាលពីថ្ងៃពុធថា “វៀតណាមចង់ធ្វើការរួមគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យស៊ីជម្រៅនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្នុងគោលបំណងលើកកម្ពស់ចំណងមិត្តភាពទ្វេភាគីប្រកបដោយនិរន្តរភាពនិងយូរអង្វែង”។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជារឿងចៃឌនឡើយដែលអាមេរិកបញ្ជូនបេសកជនជាន់ខ្ពស់មកធ្វើដំណើរទស្សនកិច្ចនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយនេះ ដោយសារតែអំណាចរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងកាន់តែមានឥទ្ធិពល ព្រមទាំងជាយុទ្ធសាស្រ្តមួយក្នុងការខ្ទប់ការរះឡើងខ្លាំងលឿនពេករបស់ចិនផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២