ការបំផ្ទុះគ្រាប់បែកជាលើកទី ៣ នៅព្រលានយន្តហោះ ក្រុងកាប៊ុលបណ្តាលឲ្យអ្នកស្លាប់កើនដល់ ៧០ នាក់ ខណៈ លោក ចូ បៃដិន ប្តេជ្ញាតាមប្រមាញ់ អ្នករៀបចំការបំផ្ទុះគ្រាប់បែក

កាប៊ុល៖ ការបំផ្ទុះគ្រាប់បែកជាលើកទី ៣ បានកើតឡើងនៅជិតអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai របស់អាហ្វហ្គានីស្ថានក្រុងកាប៊ុល ពោលប៉ុន្មានម៉ោងបន្ទាប់ពីការផ្ទុះ ២ លើកបណ្តាលឲ្យអ្នកស្លាប់កើនឡើងដល់ ៧០នាក់ និងរបួសជាង ១៤០នាក់ ក្នុងនោះរួមទាំងទ័ពអាមេរិករាប់សិបនាក់ផងដែរ នេះបើតាមសារព័ត៌មាន Sputnik។

បើតាមព័ត៌មានបឋមពីមន្ទីរបញ្ចកោណអាមេរិកបានឲ្យដឹងថា សមាជិកយោធាអាមេរិកសរុបចំនួន ១៣ នាក់បានស្លាប់ និង ១៨ នាក់បានរងរបួស។

ភ្លាមៗបន្ទាប់ករណីបំផ្ទុះគ្រាប់បែកនេះកើតឡើង ក្រុមឧទ្ទាម ISIS-K (Islamic State Khorasan) ប្រកាសថា ពួកគេជាអ្នករៀបចំផែនការបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្បែរព្រលានយន្តហោះទីក្រុងកាប៊ុល ករណីបំផ្ទុះគ្រាប់បែកអត្តឃាត ចំនួន២គ្រាប់ នៅក្បែរព្រលានយន្តហោះទីក្រុងកាប៊ុលនេះ។

ជាមួយគ្នាផងដែរថា ប្រធានាធីបតីអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាថា នឹងតាមប្រមាញ់ក្រុមដែលស្ថិតនៅពីក្រោយ ការបំផ្ទុះគ្រាប់បែកអត្តឃាត នៅអាកាសយានដ្ឋានទីក្រុងកាប៊ុលឲ្យទាល់តែបាន ។

ទោះជាយ៉ាងណា ប្រធានាធិបតីរូបនេះបានគូសបញ្ជាក់ថា ប្រតិបត្តិការជម្លៀសមនុស្ស ចេញពីប្រទេសអាហ្វហ្គានីស្ថាន នឹងនៅតែបន្តជានិច្ច។ លោក ចូ បៃដិន បានថ្លែងយ៉ាងដូច្នេះថា យើងចង់ឲ្យក្រុមដែលបានរៀបចំការវាយប្រហារនេះ ក៏ដូចជាអ្នកណាក៏ដោយ ដែលចង់ឲ្យអាមេរិករងគ្រោះដឹងថា យើងនឹងមិនលើកលែង និងមិនបំភ្លេចវាជាដាច់ខាត។ យើងនឹងតាមប្រមាញ់អ្នក ហើយអ្នកឲ្យសងនូវទង្វើនេះ។

តាមមេបញ្ជាការ នៃទីបញ្ជាការកណ្តាលយោធាអាមេរិក លោក ខិនណេត ម៉ាកខេនហ្ស៊ី (Kenneth McKenzie) បានអះអាងនៅថ្ងៃព្រហស្បតិ៍ថា ទាហានអាមេរិក ១៣នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារនោះ និង ១៨នាក់ទៀតរងរបួស។ ការវាយប្រហារនេះត្រូវបានគេមើលឃើញថា បានបង្កឲ្យមានការបាត់បង់ជីវិតទាហានអាមេរិក យ៉ាងច្រើនក្នុងមួយថ្ងៃ ដែលកម្រកើតមានបំផុត សម្រាប់សង្គ្រាមនៅអាហ្វហ្គានីស្ថានរយៈពេល ២០ឆ្នាំមកនេះ។

សូមជម្រាបជូនថា ផែនការត្រូវជម្លៀសប្រជាជន អាហ្វហ្គានីស្ថាន ដែលបានធ្វើការជាបុគ្គលិក ស្ថានទូត និងអ្នកបកប្រែ ឲ្យអាមេរិក និងសម្ព័ន្ធមិត្ត អាមេរិក ក៏ត្រូវបានធានាឲ្យចេញពីប្រទេស អាហ្វហ្គានីស្ថានផងដែរ។ តែដោយសារតែចំនួនជនភៀសខ្លួនច្រើនរហូតដល់ជាង ២៥០,០០០នាក់ (ពីរសែន ប្រាំម៉ឺននាក់) រហូតមកដល់ពេលនេះការជម្លៀសចេញបានប្រមាណជាង ៨០,០០០នាក់ (ប្រាំបីម៉ឺននាក់) ហើយក៏កាន់តែតឹងតែងក្នុងការបញ្ជូនជនភៀសខ្លួនចេញពីប្រលាននៃទីក្រុង កាប៊ុលផងដែរ។

លោក ជោ បៃដេន ប្រធានាធិបតី សហរដ្ឋអាមេរិក ក៏បានប្រកាសហើយថានឹងដកទ័ពចេញពី អាហ្វហ្គានីស្ថាន ឲ្យអស់តាមការកំណត់ដោយមិនមានផែនការពន្យារពេលនោះទេ។ បើតាមការកំណត់ដកកងទ័ព អាមេរិក នឹងបញ្ចប់នៅត្រឹមថ្ងៃទី៣១ សីហា ពោលគឺនៅសល់តែប៉ុន្មានថ្ងៃទៀតនោះទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២