ឃាត់ខ្លួនជនជាតិថៃ៦នាក់ បម្រុងឆ្លងដែនចូលមកកម្ពុជា ចំណែកពលករខ្មែរ១៤នាក់ បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃ ដោយខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរប្រុស-ស្រីចំនួន១៤នាក់ ដែលលួចឆ្លងដែនចូលទៅប្រទេសថៃខុសច្បាប់ ត្រូវបានទាហានថៃ ស្រុកតាប្រាយ៉ា ចាប់ឃាត់ខ្លួន។ ទន្ទឹមនិងនោះដែរ ទាហានបន្តចាប់ឃាត់ខ្លួនជនជាតិថៃ ប្រុស-ស្រី៦នាក់ បន្ថែមទៀត ដែលបម្រុងលួចឆ្លងដែនចូលទឹកដីកម្ពុជា ដើម្បីទៅធ្វើការនៅកាស៊ីណូ ក្រុងប៉ោយប៉ែត។ ប្រតិបត្តិការនៃការឃាត់ខ្លួននេះ ធ្វើឡើងនៅម៉ោង០៩និង១០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅបរិវេណភូមិលូកឆាង ឃុំ/ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។

នៅចំពោះមុខសមត្ថកិច្ចពលករខ្មែរទាំងនោះបានឆ្លើយថា ពួកខ្លួនបានធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ប្រមូលផ្ដុំគ្នា នៅភូមិមួយក្នុងឃុំគោករមៀត ស្រុកថ្មពួក ដោយមានមេខ្យល់ជនជាតិខ្មែរ ជាអ្នកនាំដើរកាត់តាមច្រករបៀង នឹងដើរកាត់ទៅតាមផ្លូវដីកសិកម្ម ដើម្បីមកឡើងរថយន្តនៅបរិវេណថ្នល់ភូមិណាងង៉ាម ឃុំតាបា្រយ៉ា ក្នុងគោលបំណងទៅធ្វើការនៅក្នុងប្រទេសថៃ ដោយចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់ចំនួន៦,០០០បាត(ស្មើជិត២០០ដុល្លារ)។

ក្រោយពីសួនាំ នឹងធ្វើកំណត់ហេតុរួចសមត្ថកិច្ចអនុវត្តតាមវិធានរបស់ផ្នែកសុខាភិបាល បន្ទាប់មកបានបញ្ជូនឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ។

នៅថ្ងៃដដែល នៅម៉ោងប្រមាណ០២និង១៥នាទីរសៀល កម្លាំងទាហានប្រចាំការស្រុកតាប្រាយ៉ា សហការជាមួយកងកម្លាំងបូរផា បានប្រទះឃើញរថយន្តសង្ស័យ១គ្រឿង បើកចូលមកក្នុងភូមិសាស្រ្តខ្លួនទទួលខុសត្រូវ ទើបសមត្ថកិច្ចឃាត់ឲ្យឈប់ និងត្រួតពិនិត្យរថយន្តម៉ាកអ៊ីស៊ុយស៊ុយ ស្រះកែវ។

នៅពេលសមត្ថកិច្ចពិនិត្យក្នុងរថយន្ត ឃើញមានជនជាតិថៃ ចំនួន៦នាក់ ក្នុងនោះប្រុស២ នឹងស្រី៤នាក់ ដោយពួកគេបានសាររភាពថា ពួកគេមានបំណងលួចឆ្លងដែនទៅប្រទេសកម្ពុជា ដើម្បីទៅធ្វើការនៅកាស៊ីណូក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ការធ្វើដំណើរលើកនេះ ខាងក្រុមហ៊ុនកាស៊ីណូអនឡាញ ជាអ្នកចំណាយទាំងអស់ ដោយឡែកអ្នកនាំបានទទួលថ្លៃឈ្នួលក្នុងម្នាក់៥០០បាត សរុប២.៥០០បាត ក្នុងការនាំជនជាតិថៃខាងលើទៅឯព្រំដែនក្នុងបរិវេណថ្នល់ស្រីពេញ តែក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួនបាន រួចបញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការបន្ត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២