សម្តេចក្រឡាហោម ស ខេង ឲ្យសមត្ថកិច្ចបន្តរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដោយ គ្មានការលើកលែង

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ សូមបន្តរឹតបន្តឹងការអនុវត្តឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋយើង។ នេះបើយោងតាកផេកហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដោយទទូចដល់បងប្អូនជនរួមជាតិទាំងអស់ សូមមានស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលវេលានៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់។

សម្តេចក្រឡាហោមបានបន្តទៀតថា យើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោក៖

– ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍
– គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប
– បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់
– បើស្រវឹង សូមកុំបើកបរ
– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ
– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ
– ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព។

របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចាំខែសីហា ឆ្នាំ២០២១ បានបង្ហាញថា ករណីគ្រោះថ្នាក់នេះបានបណ្តាលឲ្យ អត្រាជនរងគ្រោះបាត់បង់ជីវិតមានការកើនឡើងនៅពេលដែលអត្រាអ្នករងរបួសមានចំនួនថយចុះ ធៀបនឹងខែកក្កដា កន្លងទៅនេះ។

សម្តេចក្រឡាហោម ស ខេង បានបន្តថា ជាប្រការគួរឱ្យសោកស្ដាយបំផុតនោះត្បិតតែនៅក្នុងខែសីហា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ១៩៩លើក ថយចុះចំនួន៩លើក ហើយអ្នករងរបួសមានចំនួន ២៤១នាក់ ថយចុះ៤១នាក់។ ប៉ុន្តែចំនួនអ្នកស្លាប់ មានដល់ទៅ១២៣នាក់ ដែលកើនរហូតដល់ទៅ១៦នាក់ធៀបនឹងខែកក្កដាមុននេះ ដែលមានអ្នកស្លាប់ចំនួន១០៧នាក់។

សម្តេចក្រឡាហោមបន្តថា ជាការកត់សម្គាល់ កំណើនអ្នក ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហានេះ គឺការធ្វើដំណើរ នៅក្នុងឱកាសនៃពិធីសែនក្បាលទឹក ដែលមានជនរងគ្រោះស្លាប់ចំនួន១៥នាក់ របួស ៣២នាក់ និងការធ្វើដំណើរនៅ រៀងរាល់ថ្ងៃចុងសប្ដាហ៍ផងដែរ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានថមថយ ហើយការធ្វើចរា ចរណ៍មានកំណើនឡើងវិញ។ ប៉ុន្តែអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហា ឆ្នាំ២០២១នេះ បើប្រៀបធៀបទៅនឹងខែសីហា ឆ្នាំ២០២០កន្លងទៅវិញ គឺបានថយចុះចំនួន៧៩លើក ស្មើនឹង ២០ភាគរយ និងរបួសបានថយចុះចំនួន១៩៩នាក់ ស្មើនឹង៤៥ភាគ រយ គឺកើនតែអ្នកស្លាប់ចំនួន២ នាក់ស្មើនឹង២ភាគរយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២