ករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន តាមកញ្ចប់បញ្ញើ តុលការសម្រេចឃុំខ្លួនជនសង្ស័យ០៤នាក់ ដាក់ពន្ធនាគារ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជនសង្ស័យជាជនបរទេស និងខ្មែរ ចំនួន០៤នាក់ ដាក់ពន្ធនាគារ នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណីដឹកជញ្ជូន គ្រឿងញៀន ឆ្លងដែន តាមកញ្ចប់បញ្ញើ ពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា ក្រោមការចោទប្រកាន់ ពីបទជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវ សារធាតុញៀន តាមមាត្រា ៤៨ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

ជនសង្ស័យដែលជាជនជាប់ចោទទាំង៤នាក់ មានៈ ទី១- អាយុ៣២ឆ្នាំ ជនជាតិចិន។ ទី២-ឈ្មោះ ឆូយ ប៊ុនវុទ្ធ អាយុ៦៥ឆ្នាំ។ ទី៣- អាយុ៤៧ឆ្នាំ ជនជាតិចិន និង ទី៤- ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិចិន ព្រមទាំងវត្ថុតាង មួយចំនួនទៀត រួមមាន សារធាតុញៀន កេតាមីន (KETAMIE) ៦០ដប ទម្ងន់សុទ្ធ ៥ គីឡូក្រាម ១៣៤,២០ ក្រាម។

គួររំលឹកផងដែថា កាលពីវេលាម៉ោង ២ និង៣០ នាទី រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ ទោ សារី បុត្រសត្យា និងលោក វរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ បានសហការជាមួយគយ និងរដ្ឋាករ ប្រចាំឃ្លាំងទំនិញ (CARGO) នៃអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងមានការសម្របសម្រួល ពីលោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យកញ្ចប់បញ្ញើ មិនប្រក្រតី ដែលផ្ញើពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា តាមរយ: ក្រុមហ៊ុន DHL ដែលបង្កប់លាក់ សារធាតុញៀន (រាវ) ប្រភេទ កេតាមីន( KETAMINE ) ក្នុងដបជ័រ ពណ៌-ស ម៉ាក ALOE GEL ចំនួន ៦០ដប មានទម្ងន់ ១០ គីឡូក្រាម (គិតទាំងសំបក)។

បន្ទាប់មក នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញ មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន បានបន្តការស៊ើបអង្កេត ដោយអនុវត្តតាមនីតិវិធី ប្រគល់ដោយ មានការឃ្លាំមើល សហការជាមួយ កម្លាំងនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយ មានជ័យ និងមានការសម្របសម្រួលពី លោក លឹម ប៊ុនសុភក្តិ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបន្ទាយមានជ័យ ឈានទៅបង្ក្រាប នៅចំណុចមុខផ្ទះ គ្មានលេខ ផ្លូវបេតុងភូមិ ប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២