នគរបាលជំនាញឃាត់ខ្លួនជនជាតិចិន ក្នុងករណីផ្ទុះអាវុធ០២គ្រាប់ នៅចំណុចសណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលជំនាញ និងចាប់ខ្លួន ករណីជនសង្ស័យផ្ទុះអាវុធ០២គ្រាប់ ដែលបង្កឡើងដោយជនជាតិចិន នៅចំណុចសណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ នេះបើយោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឱ្យដឹងទៀតថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៥និង៣០នាទីទៀបភ្លឺកន្លងទៅថ្មីៗនេះ មានករណីផ្ទុះអាវុធចំនួន០២គ្រាប់ បង្កឡើងដោយជនជាតិចិន ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានដកកាំភ្លើងខ្លី០១ដើម ចេញពីចង្កេះ រួចបាញ់ទៅលើទ្វារកញ្ចក់របស់សណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ចំនួន ០២គ្រាប់ បណ្តាលឲ្យបែកកញ្ចក់អស់មួយផ្ទាំង រួចគេចខ្លួនបាត់។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២២ និង០០នាទីយប់ ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យ ព្រមទាំងដកហូតបានវត្ថុតាងកាំភ្លើងខ្លី ០១ដើម។

ជនសង្ស័យមានឈ្មោះ ជូ សានជាំង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរប្តូរប្រាក់ ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ចំណែកវត្ថុតាងចាប់យកបាន កាំភ្លើងខ្លី០១ដើម ម៉ាក SIG SAUER P365 ពណ៌ខ្មៅ បង់កាំភ្លើង០១ មានគ្រាប់ចំនួន០៨គ្រាប់ (ប្រភេទ៩mm)។ សំភារៈខូចខាតទ្វារកញ្ចក់០១ផ្ទាំង។

គួរបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២