មូលហេតុទាំងនេះហើយ ដែលបណ្តាលអោយ នារីស្រស់ស្អាត វ័យក្មេង ចំនួនបីនាក់បានស្លាប់ ជាបន្តបន្ទាប់

ភ្នំពេញ ៖ នារីស្រស់ស្អាត វ័យក្មេង ចំនួនបីនាក់បានស្លាប់ ជាបន្តបន្ទាប់នៅក្នុងបន្ទប់ជួលស្ថិតនៅភូមិ ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២១នេះ។ ករណីនេះ ក្នុងចំណោមនារីបីនាក់នេះ គឺនារីពីរនាក់បានស្លាប់នៅក្នុងបន្ទប់ជួល និងនារីម្នាក់ទៀតបានស្លាប់នៅឯស្រុកកំណើត។

ជនរងគ្រោះទាំង៣នាក់ដែលស្លាប់មាន ១. ឈ្មោះ ផល ដាវី អាយុ១៨ឆ្នាំ មុខរបរសំអាងការ ២. ឈ្មោះ ស្រ៊ុន ស្រីកា អាយុ ៧ឆ្នាំ មុខរបរសំអាងការ អ្នកទាំងពីរអ្នកមានស្រុកកំណើតនៅភូមិអ្នកលឿងឃុំអ្នកលឿងស្រុកពាមរក៍ ខេត្តព្រៃវែង (ស្លាប់នៅក្នុងបន្ទប់ជួល) និង ឈ្មោះ ស្រីថៃ អាយុ ១៨ឆ្នាំ ស្លាប់នៅស្រុកកំណើត ស្ថិតនៅស្រុកល្វាឯម ខេត្តកណ្ដាល។

ប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះទាំងបីនាក់ និងមិត្តភ័ក្តិ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បាននាំគ្នាផឹកស្រាអស់ជាច្រើនដប ដែលមានស្រាសាំប៉ាញនិងស្រាក្រហមទិញយកអុកផឹកជុំគ្នា។ លុះមកដល់ព្រឹកថ្ងៃទី០២ ខែកញ្ញា នារីម្នាក់ ក្នុងចំណោមអ្នកផឹកជុំគ្នា បានធ្វើដំណើរចេញពីបន្ទុបជួលនៅភ្នំពេញទៅស្រុកកំណើត នៅអ្នកលឿង ខេត្តព្រៃវែង ខណៈពេលដែលទៅដល់ស្រុកកំណើត មិនបានប៉ុន្មានម៉ោងផងនោះ ចេះតែពិបាកក្នុងខ្លួន ក៏បានប្រាប់អ្នកផ្ទះថា ខ្លួនបាននាំគ្នាផឹកស្រារក្រឡុក រួចក៏បានស្លាប់តែម្ដង។

ក្រោយពេលស្លាប់ ខាងសាច់ញាតិបានទាក់ទងទៅប្រាប់ គ្រួសារនារី២នាក់ទៀត ដែលនៅភ្នំពេញ ថានារីម្នាក់ ដែលផឹកជុំគ្នា រួចទៅខេត្តវិញនោះស្លាប់ អ្នកទាំង ២នាក់ ក៏បានប្រាប់ថា ខ្លួនក៏ពិបាកក្នុងខ្លួនណាស់ដែរនៅក្នុងបន្ទប់។ រហូតមកដល់វេលាម៉ោងជាង១១ថ្ងៃត្រង់ អ្នកនៅខេត្តព្រៃវែង បានធ្វើការទាក់ទងមកបន្តទៀត ក៏ស្រាប់តែទូរស័ព្ទលែងមានអ្នកទទួល ដោយមានការសង្ស័យ សាច់ញាតិអ្នកទាំង២ ក៏បានឡើងមកភ្នំពេញដល់បន្ទប់ជួល រួចក៏បានបើកទ្វារមើលឃើញដេកស្លាប់ទាំង ២នាក់ ក្នុងបន្ទប់ជួលនៅជាន់ទី៣តែម្ដង។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចមូកដ្ឋានខណ្ឌចំការមន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចក៏ធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ឆ័យ ឱ្យចុះដល់ទីតាំងកើតហេតុ រួចហើយក្រុមគ្រូពេទ្យបានពិនិត្យយកសំណាកតេស្តរកជំងឺកូវីដ១៩ ដោយលទ្ធផលអវិជ្ជមាន បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចនារីវ័យក្មេងទាំង២នាក់ ពិតជាបានពុលស្រារពិតប្រាកដមែន ទើបសមត្ថកិច្ចមូលដ្ឋាន បានធ្វើកំណត់ហេតុរួចរាល់ ក៏ប្រគល់សពជូនទៅក្រុមគ្រួសារសាច់ញាតិ ដើម្បីឱ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២