ស្នងការនគរបាល នគរបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែសីហា និងទិសដៅការងារសម្រាប់ខែកញ្ញា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល នគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈ Zoom Meeting ប្រចាំខែសីហា និងទិសដៅការងារសម្រាប់ខែកញ្ញា ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង ជំនួយការ លោកនាយការិយាល័យ លោកអធិការ លោកនាយប៉ុស្តិ៍ទាំង១០៥ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនសេនាធិការ បានអានរបាយការណ៍លទ្ធផលអនុវត្តការងារក្នុងខែសីហា ជូនដល់អង្គប្រជុំ។ ជាមួយនោះលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការររងទទួលផែនប្រឆាំងគ្រឿងញៀន បានចូលរួមមតិទាក់ទងទៅនឹងការគ្រប់គ្រងមុខសញ្ញាបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ទទួលដឹកនាំការិយាល័យគ្រប់គ្រងជនបរទេសនៃផែនការងារអន្តោប្រវេសន៍ ក៏បានចូលរួមមតិស្តីពីការគ្រប់គ្រងជនបរទេសដែលស្នាក់នៅរាជធានីភ្នំពេញ។

ជាកិច្ចបន្ទាប់ក៏មានការចូលរួមមតិ និងរាយការណ៍របស់លោកនាយការិយាល័យគ្រប់គ្រងការស្នាក់នៅ លោកនាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ស្តីពីការត្រួតពិនិត្យនីតិវិធី នៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ការត្រួតពិនិត្យនីតិវិធីនៃការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗមួយចំនួនទៀត នៅពេលអនុវត្តការងារ នាពេលកន្លងមក។

មុននឹងបញ្ចប់ក៏មានការចូលរួមរាយការណ៍របស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបឹងទំពន់១ ខណ្ឌមានជ័យ ស្តីពីការចុះបញ្ជីគ្រប់គ្រងការស្នាក់នៅ ការផ្តល់សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងនោះដែរក៏មានការចូលរួមមតិរបស់លោក លោកស្រីស្នងការរង និងសមាជិកនៃអង្គប្រជុំផងដែរ។

ឯកឧត្តមស្នងការក៏បានសង្កត់ធ្ងន់ដល់លោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសនានាកុំឱ្យកើតមានឡើង។ បន្ថែមលើសនេះទៀតឯកឧត្តស្នងការបានណែនាំដល់លោកស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន លោកនាយការិយាល័យជំនាញ លោកអធិការ ត្រូវយកចិត្តទុកដាក់ក្នុងការតាមដាន ស្រាវជ្រាវ កំណត់មុខសញ្ញា និងទីតាំងដែលលួចលាក់កែច្នៃ ជួញដូរ និងប្រើប្រាស់ដើម្បីរៀបចំផែនការបង្ក្រាប។ មួយវិញទៀតឯកឧត្តមស្នងការបានណែនាំ និងក្រឿនរំលឹកដល់មន្ត្រីចរាចរណ៍ទាំងអស់ត្រូវអនុវត្តក្នុងការជួយសម្រួលចរាចរណ៍ឱ្យបានល្អ ទាំងការសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ជូនគណប្រតិភូជាតិ អន្តរជាតិ និងជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការកកស្ទះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២