ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីណែនាំ ស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានអោយដឹងថា ព្រះរាជាណាចក្រកម្ពុជា ដោយមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំ ចង្អុលបង្ហាញផ្លូវ ប្រកបដោយគតិបណ្ឌិតខ្ពស់ ដែលបានធ្វើឱ្យ ករណីឆ្លងជំងឺកូវីដ-១៩បន្តធ្លាក់ចុះជាបន្តបន្ទាប់ជាទីមោទនៈ។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តការការពារការចម្លងវីរុសកូវីដ-១៩ ដោយ បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២១ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការ ៣ការពារ ( ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំ ទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងវិធានការបង្ការ ការពុលចំណីអាហារដូចខាងក្រោម៖

១. រៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមគន្លងប្រក្រតីភាពថ្មី៖ បង្កើនសកម្មភាពត្រួតពិនិត្យ តាមដាន លើពុទ្ធបរិស័ទ ដែលចេញ-ចូលទីវត្តអារាម វិហារ សាលាឆាន់ និងកុដ នីមួយៗ ឱ្យបានហ្មត់ចត់ ហើយបុគ្គលគ្រប់រូប ត្រូវចូលរួមអនុវត្តកិច្ចការពារខ្លួនកុំឱ្យមានការចម្លងវីរុសកូវីដ-១៩ ដោយអនុវត្ត វិធានការដូចតទៅ៖ រៀបចំឱ្យមានកន្លែងលាងដៃនៅច្រកចេញ-ចូល និងរក្សាការលាងសម្អាតដៃ ឱ្យបានញឹកញាប់ធ្វើការវាស់កំដៅ និងបាញ់ទឹកអាល់កុលលាងដៃឬទឹកដែលលាងដៃ សម្រាប់រាល់ពុទ្ធបរិស័ទទាំងអស់កុំឱ្យមានការធ្វេស ប្រហែសនៅមុខច្រកចេញ-ចូលក្លោងទ្វារនីមួយៗ។

២. ជួបជុំគួ្រសារ ឬធ្វើដំណើរកំសាន្ដដោយសុវត្ថិភាព ជៀសផុតពីហានិភ័យនៃការចម្លងជំងឺកូវីដ-១៩៖ សូមជ្រើសរើសនូវការជួបជុំគ្រួសារតែនៅក្នុងខ្នងផ្ទះឬគេហដ្ឋានតែមួយ។ មិនត្រូវអញ្ជើញ សាច់ញាតិដែលមានការ ស្នាក់នៅក្នុងគេហដ្ឋានផ្សេងពីអ្នក ឬ មិត្តភ័ក្រ្តជិតស្និទ្ធ មកជួបជុំគ្នាដើម្បីលេងល្បែងស៊ីសង ច្រៀងរាំ ឬការជួបជុំគ្នា ពិសារអាហារ និងសេពគ្រឿងស្រវឹង ដែលជាកត្តាហានិភ័យខ្ពស់ក្នុងការចម្លងវីរុសកូវីដ-១៩។ សូមចូលរួមជម្រុញ ក្រើនរំលឹក និងតាមដានដាស់តឿន បុគ្គលខ្លួនឯង សមាជិកគ្រួសារ សាច់ញាតិ អ្នកជិតខាងអ្នកភូមិជាមួយ និងសហគមជាមួយ ឱ្យអនុវត្តជាប្រចាំថ្ងៃ ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “ ៣ការពារ និង៣កុំ “។

៣. ជ្រើសរើសមធ្យោបាយដំណើរមានសុវត្ថិភាព កាត់បន្ថយជាអតិបរមានូវការចម្លងជំងឺ និងជៀសវាង គ្រោះថា្នក់ចរាចរ៖ ជៀសវាងប្រើប្រាស់មធ្យោបាយសាធារណៈដែលមានផ្ទុកមនុស្សច្រើនបើចាំបាច់ត្រូវធ្វើដំណើរតាមមធ្យោបាយសាធារណៈ លោកអ្នកត្រូវពាក់ម៉ាស់ជានិច្ច រក្សាគម្លាតសុវត្ថិភាព បុគ្គល និងត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬអាល់កុលដែលលាងដជៀសវាងការធ្វើដំណើរ។

៤.វិធានការបង្ការការពុលចំណីអាហារ អនុវត្តវិធានការសុវត្ថិភាពចំណីអាហារដោយ ៖ រក្សាភាពស្អាត (លាងដៃជាមួយសាប៊ូ និងទឹកស្អាត ទឹកអាល់កុល ឬអាល់កុលដែល នៅពេលរៀបចំអាហារ)។ ទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នាចម្អិនអាហារឱ្យបានឆ្អិនល្អ ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ពិសេសគឺសាច់សត្វ ស៊ុត និងគ្រឿងសមុទ្រ។ ទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពសុវត្ថិភាព ( ត្រជាក់តិចជាង ៥ អង្សាសេ និង ក្ដៅលើសពី ៦០ អង្សាសេ) ឬ ចម្អិនអាហារមួយពេលសម្រាប់តែមួយពេល ប្រើប្រាស់ទឹកស្អាត។

ក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការ ចម្លងវីរុសកូវីដ-១៩ និងការថែរក្សាសុខភាព របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយក្រសួងក៏សូមអំពាវនាវដល់ សាធារណជនទាំងអស់ សូមចូលរួមអនុវត្តតាមការណែនាំខាងលើនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្តាច់ ការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២