សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)

ភ្នំពេញ ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) នាថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធបញ្ចូនរូបភាព និងសំឡេងពីចម្ងាយ (Zoom)។

ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដា្ឋន បានមានប្រសាសន៍ថា នាចុងឆ្នាំ២០២០កន្លងមកនេះ យើងបានអនុវត្តបញ្ចប់នូវកម្មវិធីជាតិរយៈពេល១០ឆ្នាំដំណាក់ កាលទី១ (២០១០-២០២០) ដោយសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតពាក់ព័ន្ធនឹងការ រៀបចំ និងដាក់ឱ្យដំណើរការស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

ឯកឧត្តមបន្តថា នាចុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានរៀបចំឡើងវិញនូវរចនាសម្ព័ន្ធគ្រប់គ្រងរបស់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយបានធ្វើសមាហរណកម្មការិយាល័យជំនាញនានាទៅក្នុងរចនាសម្ព័ន្ធគ្រប់ គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងរៀបចំរដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌឱ្យក្លាយជា រដ្ឋបាលមូលដ្ឋានជួរមុខដែលមានតួនាទីសំខាន់ក្នុងការសហការជាមួយរដ្ឋបាលឃុំ សង្កាត់ក្នុងការផ្តល់សេវា ចាំបាច់នានាជូនប្រជាពលរដ្ឋដោយផ្ទាល់។ ការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងមុខងារថ្មីរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌនេះ គឺជាការផ្លាស់ប្ដូរដ៏ធំមួយក្នុងការរៀបចំប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។ ជាមួយគ្នានេះ មុខងារ និងធនធានចាំបាច់នានា រួមមានទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងទ្រព្យ សម្បត្តិក៏ត្រូវបាន និងកំពុងផ្ទេរជាបណ្ដើរៗទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់គ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ក្នុងការអនុវត្តមុខងារជាជម្រើស និងមុខងារជាកាតព្វកិច្ច ដើម្បីធានាដល់ផ្តល់សេវា និងការ អភិវឌ្ឍមូលដ្ឋាន សំដៅដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែន សមត្ថកិច្ចរបស់ខ្លួនប្រកបដោយភាពម្ចាស់ការ គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ឯកឧត្តម ង៉ាន់ ចំរើន បានមានប្រសាសន៍ទៀតថា ក្នុងសិក្ខាសាលាមានគោលបំណងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យ កាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានសម្រេចរៀបចំនូវកម្មវិធីជាតិដំណាក់កាលទី២សម្រាប់រយៈពេល១០ ឆ្នាំបន្ថែមទៀត គឺចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ សំដៅបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យ កាន់តែមានសក្តានុពលក្នុងការចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នោះគឺការ ប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ផ្អែកលើឯកសារទស្សនទានដែលបានពិនិត្យ និងឯកភាពពីប្រមុខរាជរដ្ឋាភិបាលនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ និងបើទោះបីជាក្នុងប្រទេសយើង ក៏ដូចជាប្រទេសនានាលើពិភពលោកបាន និងកំពុងជួបនូវ វិបត្តិនៃការឆ្លងរាលដាលនៃជម្ងឺកូវដ-១៩ក៏ដោយ ក៏លេខាធិការដ្ឋាន គ.ជ.អ.ប. បានខិតខំបន្តសម្រប សម្រួលកិច្ចដំណើរការរៀបចំតាត់តែងសេចក្តីព្រាងលម្អិតនៃឯកសារកម្មវិធីជាតិនេះ ដោយបានធ្វើការសិក្សា និងពិគ្រោះយោបល់ក្នុងកម្រិតបច្ចេកទេសជាបន្តបន្ទាប់ជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោម ជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធមួយចំនួន រហូតដល់បានរៀបចំបញ្ចប់ជាសេចក្តីព្រាង លម្អិតបឋមនៃឯកសារកម្មវិធីជាតិដំណាក់កាលទី២ ដូចបានដាក់ជូនអង្គសិក្ខាសាលាដើម្បីពិនិត្យ និង ពិគ្រោះយោបល់នាថ្ងៃនេះ។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបានបញ្ជាក់ជូនអង្គសិក្ខាសាលា ចក្ខុវិស័យសំខាន់ នៃការរៀបចំ និងអនុវត្តកម្មវិធីជាតិដំណាក់កាលទី២នេះ គឺផ្តោតលើការបែងចែកសិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវរវាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងក្នុងចំណោម រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានភាពច្បាស់លាស់ស្របតាមគោលនយោបាយវិមជ្ឈការ ពោលគឺ “ការ បង្ខិតការធ្វើសេចក្តីសម្រេចចិត្តលើការផ្តល់សេវាសាធារណៈឱ្យទៅកៀកជិតប្រជាពលរដ្ឋ“សំដៅធានាដល់ ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យ កាន់តែល្អប្រសើរថែមទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២