សម្តេចក្រឡាហោមបញ្ជាក់ថា នឹងមិនចុះបញ្ជីគណបក្សបេះដូងជាតិ បើមិនធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈឲ្យបានត្រឹមត្រូវ

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យគណបក្ស បេះដូងជាតិ ធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈឲ្យបាន ត្រឹមត្រូវ តាម បញ្ញត្តិ មាត្រា ១០ ត្រង់ចំណុច ៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ក្នុងករណីមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹង នេះ ក្រសួងមហាផ្ទៃ នឹងសម្រេចមិនចុះឈ្មោះគណបក្ស បេះដូងជាតិក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ នោះឡើយ។ នេះបើយោងតាម លិខិត របស់ សម្តេច ក្រឡាហោម ស ខេង ចុះ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១។

យោងតាម លិខិត ដែលជម្រាប ទៅ លោក សៀម ភ្លុក តំណាង ស្ថាបនិក គណបក្ស បេះដូង ជាតិ បាន បញ្ជាក់ថា ក្រសួងមហាផ្ទៃ បានធ្វើការ រំលឹក ចំនួន ២ ( ពីរ ) លើក រួចមកហើយ ចំពោះ “ គណបក្ស បេះដូង ជាតិ ” ដើម្បី ឲ្យ ធ្វើការ កែសម្រួល ខ្លឹមសារ នៃ លក្ខន្តិកៈ គណបក្ស តាម លិខិត ដូច ចុះ ក្នុង យោង ខាងលើ ។ ប៉ុន្តែ គណបក្ស នេះ នៅតែ មិន អនុវត្តតាម ស្មារតី នៃ លិខិត ជូនដំណឹង របស់ ក្រសួងមហាផ្ទៃ ដោយ ពុំ កំណត់ អំពី វិធាន នៃ ការបញ្ចូល សមាជិកភាព ទៅក្នុង លក្ខន្តិកៈ គណបក្ស ស្របតាម បញ្ញត្តិ មាត្រា ១០ ត្រង់ចំណុច ៤ នៃ ច្បាប់ ស្តីពី គណបក្សនយោបាយ។

ដូច្នេះ ក្រសួងមហាផ្ទៃ ស្នើ ឲ្យ គណបក្ស បេះដូង ជាតិ ធ្វើការ កែសម្រួល ខ្លឹមសារ ក្នុង លក្ខន្តិកៈ គណបក្ស ឲ្យ បាន ត្រឹមត្រូវ ស្របតាម បញ្ញត្តិ មាត្រា ១០ ត្រង់ចំណុច ៤ នៃ ច្បាប់ ស្តីពី គណបក្សនយោបាយ រួចហើយ ត្រូវ ផ្ញើជូន មក ក្រសួងមហាផ្ទៃ វិញ ក្នុង រយៈពេល យ៉ាងយូរ ១៥( ដប់ ប្រាំ ) ថ្ងៃ ចាប់ពី ថ្ងៃ ទទួល លិខិត ជូនដំណឹង នេះ ជា កំហិត ។ ក្នុងករណី នៅតែ មិន អនុវត្តតាម ស្មារតី នៃ លិខិត ជូនដំណឹង នេះ ក្រសួងមហាផ្ទៃ នឹង សម្រេច មិន ចុះឈ្មោះ “ គណបក្ស បេះដូង ជាតិ ” ក្នុង បញ្ជី គណបក្សនយោបាយ នៅ ក្រសួងមហាផ្ទៃ នោះឡើយ ។

គួររំលឹកថា សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ កាលពី ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ បានអនុញ្ញាត ឲ្យ បង្កើត “ គណបក្ស បេះដូង ជាតិ ” បន្ទាប់ពី តំណាង ស្ថាបនិក គណបក្ស បេះដូង ជាតិ បានដាក់ ពាក្យស្នើសុំ បង្កើត កាលពី ថ្ងៃទី ៣ ខែមិថុនាកន្លងទៅ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២