សាលារៀន ១៤០ នៅទូទាំងខេត្តកណ្ដាល បើកដំណើរការបង្រៀន និង រៀនឡើងវិញ

កណ្ដាល ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងបើកសាលាបង្រៀនឡើងវិញនៅទូទាំងខេត្តកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា ការសម្រេច អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ ជំហាន១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់កម្រិតអនុវិទ្យាល័យ វិទ្យាល័យ ចាប់ពីថ្នាក់ទី០៩ ថ្នាក់ទី១០ ថ្នាក់ទី១១ និងថ្នាក់ទី១២ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និង កីឡា ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។

ឯកឧត្ដមអភិបាលខេត្ត បន្តថា ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នាពេលនេះ រដ្ឋបាលខេត្ត បានពិនិត្យលើលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និង កីឡា មានសាលារៀនចំនួន ១៤០សាលា ក្នុងនោះអនុវិទ្យាល័យចំនួន ១០១សាលា និងវិទ្យាល័យចំនួន ៣៩សាលា។

ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាសាធារណៈ ត្រូវពង្រឹងយន្តការ លើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក្នុងការចូលរួមចំណែកកាត់បន្ថយ ហានិភ័យ ការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូរីដ-១៩ ត្រូវមានគម្លាតសុវត្ថិភាពនៅគ្រប់ទីតាំងសាលារៀន រួមទាំងទីតាំងតុ កៅអី ក្នុងបន្ទប់រៀន យ៉ាងតិច ១ម៉ែត្រកន្លះពីគ្នា។ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល គោល ការណ៍ប្រតិបត្តស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺអនុវត្តវិធាន “៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានអោយដឹងថា សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពីថ្នាក់ទី៩, ថ្នាក់ទី១០, ថ្នាក់ទី១១, និងថ្នាក់ទី១២ ដែលបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាម គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយបែងចែកជាបណ្តុះ (១ថ្នាក់ ១៥នាក់) ក្នុងនោះ -ថ្នាក់ទី៩ មានសិស្សសរុប១២៧៩៨នាក់ – ថ្នាក់ទី១០ មានសិស្សសរុប ១០ ៣៩៩នាក់ -ថ្នាក់ទី១១ មានសិស្សសរុប ៨ ៦៩៧នាក់ -ថ្នាក់ទី១២ មានសិស្សសរុបថ ១០០នាក់ សរុបរួមសិស្សទូទាំងខេត្ត មាន ៣៩ ៩៩៤នាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២