ផ្ទុះជម្លោះដណ្តើមអាជីវកររវាងផ្សារហ៊ុយ ឡេងនិងផ្សារចិនខ្មៅ នៅក្រុងសិរីសោភ័ណ កើតឡើងទៀតហើយ

ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២១ ជម្លោះ ដណ្តើមអាជីវករគ្នាឬការប្រកួតប្រជែងមិនស្មោះត្រង់បានផ្ទុះឡើងទៀតហើយ រវាងផ្សារឯកជនបោះដុំបន្លែ ផ្លែឈើនិងម្ហូបអាហារគឺផ្សារហ៊ុយ ឡេង របស់លោកហ៊ុយ ឡេង នៅសង្កាត់អូរអំបិលនិងផ្សារចិនខ្មៅ របស់ លោកឈឹម សារឿន នៅសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អាជីវករលក់បន្លែផ្លែឈើបោះដុំប្រមាណ៣០ទៅ៤០នាក់នាក់ ត្រូវគេរៀបចំអោយធ្វើដំណើរតាមរថយន្តឈ្នួល មានអាហារកញ្ចប់និងទឹកសុទ្ធ បានប្រមូលផ្តុំគ្នាទៅតវ៉ានៅខាងក្រៅរបងសាលាខេត្តបន្ទាយមានជ័យ។

ប៉ុន្តែដោយសាលាខេត្ត មានកិច្ចប្រជុំសំខាន់រឿងស្ថានភាពធ្ងន់ធ្ងរនៃជម្ងឺកូវីដ១៩ មេរោគដែលតា របស់ប្រតិភូក្រសួងសុខាភិបាលដឹកនាំដោយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតម៉ម ប៊ុនហេង ជាមួយប្រតិភូខេត្តដឹកនាំដោយលោកអ៊ុ រាត្រី អភិបាលខេត្ត ហេតុនេះ នៅជិតថ្ងៃត្រង់ថ្ងៃដដែល ទើបអាជីវករត្រូវបានគេដឹកទៅតវ៉ានៅសាលាក្រុងសិរីសោភ័ណវិញ។

អាជីវករទាំងនោះ បានអោយដឹងថា៖ ពួកខ្លួនមានឈ្មោះក្នុងបញ្ជី៥០នាក់ បានមកស្នើសុំអន្តរាគមន៍សម្របសម្រួលដោះស្រាយទំនាស់ពួកខ្លួននៅផ្សារចិនខ្មៅជាមួយលោកហ៊ុយ ឡេង នៅផ្សារហ៊ុយ ឡេង។ នោះគឺ ពួកខ្លួនលក់បន្លែ ផ្លែឈើនៅផ្សារចិនខ្មៅ។ ប៉ុន្តែមិនអាចយកទៅលក់អោយម៉ូយនៅផ្សារហ៊ុយ ឡេងបានទេ ព្រោះម្ចាស់់ផ្សារនោះបានហាមឃាត់។ ហើយគម្រាមកំហែងអ្នកទិញ មិនអោយទៅទិញទំនិញនៅផ្សារចិនខ្មៅ ។ បើទិញ នឹងដករានឬតូប មិនអោយលក់នៅផ្សារហ៊ុយ ឡេងនៅក្រុងសិរីសោភ័ណ។

អាជីវករបានបន្តថា ៖ ចំពោះ អាជីវករនៅផ្សារហ៊ុយ ឡេងស្រុកភ្នំស្រុក ក៏មិនអោយទិញបន្លែ ផ្លែឈើពីផ្សារចិនខ្មៅដែរ។ ហេតុនេះ ពួកអាជីវករបានសុំអន្តរាគម៍លោកអភិបាលក្រុងសិរីសោភ័ណដើម្បីអោយពួកខ្លួនអាចចេញ ចូល លក់ដូរនៅផ្សារហ៊ុយ ឡេង ជាធម្មតាទៅមកផង។

ជាការឆ្លើយតបលោកហ៊ុយ ឡេង ម្ចាស់ក្រុមហ៊ុន ហ៊ុយ ឡេង ជោគជ័យបានអោយដឹងថា៖ លោកបានបើកចិត្តទូលាយនិងយល់ព្រមជាធម្មតាអោយអាជីវករផ្សារចិនខ្មៅអាចចេញចូលទិញ លក់ដូរទំនិញក្នុងផ្សារលោកបាន។ ប៉ុន្តែ ទំនិញបន្លែផ្លែឈើត្រូវឆ្លងកាត់ការត្រួតពិនិត្យគុណភាពចាប់ពីម៉ោង១១យប់ដល់ម៉ោង២ រំលងអាធ្រាត្រ ជាមុនសិន។ បន្លែផ្លែឈើមិនត្រូវស្លោកស្វិតរញ៉ម ខូចឬអន់សាច់ ស្អុយរលួយព្រោះ បើអនុញ្ញាតិអោយចូល វានឹងបង្កខូចកេរ្តិ៍ឈ្មោះផ្សាររបស់លោកនិងប៉ះពាល់ដល់ទឹកចិត្តអាជីវករផងដែរ។ ករណីដកហូតតូប ឬ រានលក់ដូរពីអាជីវករ ល្គឹកណាតែ វាបានទុកទំនេរចោល ព្រោះនៅផ្សារត្រូវតែមានអ្នកលក់និងអ្នកទិញ។ ក្នុងនោះដែរ លោក ហ៊ុយ ឡេង បញ្ជាក់បន្ថែមថា លោកក៏បានផ្តល់តូបក្នុងផ្សារ ហ៊ុយ ឡេង ដោយមិនគិតថ្លៃឈ្នួល រយៈពេលមួយឆ្នាំពេញ។ ប៉ុន្តែចំណែកក្រុមអ្នកតវ៉ានោះ គឺបានជួលមុខផ្ទះគេលក់ដូរ និងបានយកបន្លែដែលខូចគុណភាព យកមកបចោល និងយកលក់បន្ត នៅក្នុងផ្សារហ៊ុយ ឡេង ហើយអាជីវករដែលនាំគ្នាតវ៉ានោះ ចង់បានតែទីតាំងល្អៗ ស្របពេលដែលទីតាំងនោះ មានម្ចាស់កំពុងតែលក់ដូរស្រាប់ ដែលជាហេតុ ម្ចាស់ផ្សារមិនអាចដេញគេចេញបាន ដើម្បីផ្គាប់ចិត្តដល់អ្នកតវ៉ាទាំងនោះបាន។ ដោយជាជម្រើស គឺលោក ហ៊ុយ ឡេង បានផ្តល់ទីតាំងខាងក្នុងផ្សារ រយៈពេលមួយឆ្នាំពេញ ដោយមិនគិតថ្លៃ។

លោកហ៊ុយ ឡេង ម្ចាស់ក្រុមហ៊ុន ហ៊ុយ ឡេង ជោគជ័យ បន្តថា ៖ ចិនខ្មៅ គឺជាអ្នកជំនួញ រកស៊ីមិនស្មោះត្រង់ ទុច្ចរិត ហើយកាលពីរយៈពេលកន្លងមក ចិនខ្មៅនេះ ធ្លាប់បានប្រើទឹកលុយ ទិញទឹកចិត្ត អាជីវករ អោយចេញពីផ្សារហ៊ុយ ឡេង ដោយចំណាយ ក្នុងម្នាក់ៗ ចាប់ពី១៥០០ដុល្លារ រហូតដល់ជិត៤០០០ដុល្លារក៏មាន ដើម្បីយកអាជីវករ ទៅដាក់ក្នុងផសាររបស់ខ្លួន និងធ្វើយ៉ាងកុំអោយមាន មនុស្សលក់នៅក្នុងផ្សារហ៊ុយ ឡេង តែម្តង។

ចំណែកអាជីវករក្នុងផ្សារហ៊ុយ ឡេង វិញបានអោយដឹងថា ៖ នៅពីក្រោយប្រវត្តិទាស់ទែងគ្នានៃអាជីវករនិងម្ចាស់ផ្សារឯកជនដែលបោះដុំបន្លែ ផ្លែឈើទាំង២ នេះគឺចេញមកពីការដណ្តើមអាជីវករគ្នាអោយចូលទៅលក់ក្នុងផ្សារនិមួយៗឬពាក្យបច្ចេកទេសហៅថាការប្រកួតប្រជែងមិនស្មោះត្រង់។

នោះគឺ ខាងផ្សារហ៊ុយ ឡេង ដែលបង្កើតឡើងមុនមានការនិយមនិងសកម្មភាពអាជីវកម្មមមាញឹកជាង។ ហើយផ្សារនេះ ក៏បានពង្រឹងលើការធ្វើទីផ្សារ (ម៉ាឃីដធីង) ការត្រួតពិនិត្យទំនិញ អនាម័យតាមរយៈការសហការនឹងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចអោយចូលត្រួតពិនិត្យ,ការបង្ការទប់ស្កាត់ការឡើងថ្លៃទំនិញហួសហេតុ ការបង្ការការពារជម្ងឺកូវូដ១៩ ជាដើម។

រីឯខាងផ្សារចិនខ្មៅ បានបង្កើតឡើងក្រោយនៅមិនទាន់អាចប្រកួតប្រជែងបាន ក៏បានព្យាយាមទាក់ទាញនិងទិញអាជីវករអោយចូលទៅលក់ដូរនៅផ្សារខ្លួន តាមរយៈការមិនគិតថ្លៃទឹក ភ្លើង ឈ្នួលកន្លែង ការបញ្ចុះតម្លៃទិញដីនៅជុំវិញផ្សារជាដើម។ ប៉ុន្តែ នៅតែមិនទាន់អាចមានអាជីវករនិងអតិថិជនច្រើនសមល្មមនៅឡើយនៅផ្សារនោះ។ ហេតុនេះ ទំនងជាមានកម្លាំងជម្រុញពីក្រោយផង ទើបចេះតែមានផ្ទុះការទាស់ទែងរវាងអាជីវករនិងម្ចាស់ផ្សារចិនខ្មៅនិងផ្សារហ៊ុយ ឡេង។

ចំណែកលោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានសម្របសម្រួលដោះស្រាយបញ្ចប់ជម្លោះលើកនេះ ដោយតម្រូវអោយអាជីវករផ្សារចិនខ្មៅមានសិទ្ធិលក់ដូរ ចេញចូលទៅមកផ្សារហ៊ុយ ឡេងបាន។ ហើយផ្សារទាំង២ ត្រូវសម្អាតអនាម័យ បរិស្ថាន ព្រមអនុវត្តវិធានសុខាភិបាលនិងរាជរដ្ឋាភិបាលទាក់ទិនបង្ការការរីកាលដាលជម្ងឺកូវីដ១៩ ផងដែរ។ ករណីបើ អាជីវករផ្សារចិនខ្មៅនាំទំនិញគ្មានគុណភាពមកលក់នៅផ្សារផ្សារហ៊ុយ ឡេង គឺអាជីវករផ្សារចិនខ្មៅជាអ្នកទទួលខុសត្រូវខ្លួនឯង។

ចំណែកលោកដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យនិងមន្ត្រីក៏បានចុះស្រាវជ្រាវវិវាទនៃអាជីវករផ្សារទាំង២ ខាងលើដែរ ដោយឃើញថា អាជីវករមួយចំនួនមានកន្លែងលក់នៅផ្សារទាំងពីរ។ ប៉ុន្តែ ពេលលក់ទំនិញល្អអស់ ទំនិញនៅសល់ក៏យកមកលក់នៅផ្សារមួយទៀត (ផ្សារហ៊ុយ ឡេង)។ ហេតុនេះ អ្នកគ្រប់គ្រងផ្សារនេះ ក៏ត្រូវត្រួតពិនិត្យលក្ខណៈ គុណភាពទំនិញសិន ទើបអោយចូលព្រោះខ្លាចខូចឈ្មោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២