ប្រជាពលរដ្ឋ១៨គ្រួសារនៅឃុំទឹកវិល ស្រុកស្អាង ស្នើសុំអភិបាលខេត្តកណ្ដាល ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជិត២០ហិកតា

ភ្នំពេញៈ ប្រជាពលរដ្ឋចំនួន ១៨គ្រួសារ រស់នៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ដែលមានដីសរុបជិត ២០ហិកតា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ បាននាំគ្នាមកមកសាលាខេត្តកណ្តាល ដើម្បីស្នើសុំអភិបាលខេត្តកណ្ដាល ស្នើសុំលិខិតកាន់កាប់ដីអាស្រ័យផលរបស់ពួកគាត់ ដែលបានកានកាប់ជាយូរឆ្នាំមកហើយ។

នៅក្នុងការឈរសុំអន្តរាគមន៍ពីអភិបាលខេត្តកណ្តាល គឺប្រជាពលរដ្ឋបានកាន់បដារ និងកាន់រូបសម្តេចតេជោ ហ៊ុ សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងបដារសុំអភិបាលខេត្តកណ្តាលមេត្តាជួយដោះស្រាយបញ្ហាដីធ្លីឲ្យពួកគាត់បានលឿនផង។ ពីព្រោះការមកមុខសាលាខេត្តកណ្តាលនេះ ដើម្បីពន្លឿនការស្នើសុំរបស់ពួកគាត់ ដែលបានដាក់កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានដាក់ពាក្យស្នើសុំផ្តល់ប្លង់រឹងជាម្ចាស់អចលនឲ្យប្រជាពលរដ្ឋ។

លោក លុក យ៉េ តំណាងពលរដ្ឋទាំង១៨គ្រួសារ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដីទំហំជិត២០ហិកតានេះ ពួកគាត់កាន់កាប់តាំងពីឆ្នាំ១៩៨០មកម្លេះ ដោយបានអាស្រ័យផលដំណាំកសិកម្មជារៀងរហូតមកដល់បច្ចុប្បន្ន ។ រហូតមកដល់ឆ្នាំ២០១៧ ពួកគាត់ក៏បានស្នើសុំទៅអាជ្ញាធរឃុំទឹកវិល ប៉ុន្តែអាជ្ញាធរពុំបានចេញលិខិតកាន់កាប់ទៅពួកគាត់នោះទេ ដោយប្រាប់ថាដីនេះជាអាងស្តុកទឹករបស់រដ្ឋទៅវិញ។

ចំណែកលោក វ៉ិត ក្ដាន់ ប្រជាពលរដ្ឋបានឲ្យដឹងថា ដោយសារពួកគាត់មានជីវភាពមិនសូវធូរធារ ជាកសិករមានដីអាស្រ័យបន្តិចបន្តួចតាំងយូរឆ្នាំមកហើយ ដូច្នេះមានតែស្នើសុំលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មេត្តាជួយពិនិត្យលើករណីនេះផង ដើម្បីពួកគាត់ទទួលបានសិទ្ធិកាន់កាប់ស្របច្បាប់ ព្រោះដីក្នុងទឹកជុំវិញនោះទទួលបានប្លង់កម្មសិទ្ធិ តែដីរបស់ពួកគាត់ដែលជាដីចម្ការអាស្រ័យផលជារៀងរាល់ឆ្នាំបែជាត្រូវដកហូតធ្វើជាអាងស្តុកទឹកទៅវិញ។

ចំពោះការសុំអន្តរាគមន៍នេះ នៅមិនទាន់សុំការអត្ថាធិប្បាយពីអភិបាលខេត្តកណ្តាលបាននៅឡើយទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២