ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តប្រាក់កម្ចីចំនួន៨២លានដុល្លារ ដើម្បីកែលម្អផ្លូវជាតិ និងផ្លូវខេត្តប្រវែង៤៨គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង និងកណ្តាល

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន៨២លានដុល្លារ ដើម្បីកែលម្អផ្លូវជាតិ និង ផ្លូវខេត្តប្រវែង៤៨ គីឡូម៉ែត្រ ក្នុង ខេត្តព្រៃវែង និង ខេត្តកណ្ដាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ (GMS)។

ជំនួយថ្មីនេះគឺជាដំណាក់កាលទី ២ នៃគម្រោងធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវថ្នល់ដែលមាន គោលបំណងពង្រឹងការតភ្ជាប់កម្ពុជា ជាមួយវៀតណាម និង គាំទ្រការអភិវឌ្ឍគ្រឿងសម្របសម្រួលការ ឆ្លងដែននៅក្នុងខេត្តទាំងពីរ។ ការធ្វើឱ្យប្រសើរថ្មីនេះនឹងប្រើប្រាស់ការរចនាដែលធន់នឹងគ្រោះមហន្តរាយ និង អាកាសធាតុ និងជួយឱ្យក្រសួងសាធារណការនិងដឹកជញ្ជូនគ្រប់គ្រងផ្លូវបានល្អប្រសើរ ដោយកាត់បន្ថយការផ្ទុកលើសចំណុះយានយន្តដែលជារឿយៗធ្វើឱ្យខូចផ្លូវ និង នាំឱ្យមានការជួសជុលមុនពេលកំណត់។

ដំណាក់កាលទី ១ នៃគម្រោង ដែលត្រូវបានអនុម័តដោយ ADB ក្នុងឆ្នាំ ២០១៧ គ្របដណ្តប់លើ ផ្លូវជាតិចំនួន ១៤៧ គីឡូម៉ែត្រក្នុងខេត្តព្រៃវែង សៀមរាប និង ស្វាយរៀង តាមច្រករបៀងសេដ្ឋកិច្ច ខាងត្បូងនៃមហាអនុតំបន់មេគង្គ។

ក្នុងដំណាក់កាលទី ២ ការកែលម្អផ្លូវជាតិ នឹងបង្ហាញពីការចំណាយប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបច្ចេកទេសជីវសាស្ត្រដែលមិនប៉ះពាល់ដល់បរិស្ថាន រួមទាំងការការពារទំនប់ និងជម្រាល។ ការធ្វើឱ្យប្រសើរឡើងនូវផ្លូវខេត្ត នឹង ប្រើអង្គធាតុដីរាវ ដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីជួយពង្រីកការ ប្រើប្រាស់វត្ថុធាតុដើមដែលមាននៅក្នុងស្រុក។

គម្រោងនេះ ក៏មានគោលបំណងជួយក្រសួងសាធារណការនិងដឹកជញ្ជូន កែលម្អការគ្រប់គ្រងផ្លូវ ថ្នល់និងអភិវឌ្ឍរបៀបថែទាំផ្លូវប្រកបដោយនិរន្តរភាព ដោយប្រើប្រាស់កិច្ចសន្យាថែទាំផ្លូវថ្នល់ដែលមាន ប្រសិទ្ធភាព។ វាក៏នឹងបង្កើនការយល់ដឹងអំពីសុវត្ថិភាព និង សុខភាពផ្លូវថ្នល់ក្នុងសហគមន៍ដែលមានការ អនុវត្តគម្រោងនេះ។

គម្រោងផ្លូវនេះអនុវត្តតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជា ដែល មានគោលបំណងជួយប្រទេសក្នុងការកែលម្អការប្រកួតប្រជែងនិងធ្វើពិពិធកម្មសេដ្ឋកិច្ច។ គម្រោង នេះក៏ជាការអនុវត្តបន្តនៃកម្មវិធីផ្លូវនិងផ្លូវដែករបស់ ADB នៅក្នុងប្រទេសកម្ពុជាផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២