ក្រោយពីតស៊ូក្តីអស់រយៈពេល៤ឆ្នាំ អ្នកវិនិយោគ ជនជាតិបរទេស ទទួលបានយុត្តិធម៌ឡើងវិញ នៅតុលាការកំពូលកម្ពុជា

ភ្នំពេញ ៖ ពាណិជ្ជករ ជនជាតិ កូសូវ័រ ក្រោយពីតស៊ូក្តីអស់រយៈពេល៤ឆ្នាំ ខណៈពេលនេះទទួលបានយុត្តិធម៌ឡើងវិញ នៅតុលាការកំពូលកម្ពុជា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ តាមសាលដីកាព្រហ្មទណ្ឌលេខ ២៣៣ IV ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ និងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ តាមសាលដីកាព្រហ្មទណ្ឌលេខ 337 VI ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ក្រោយពីទទួលបានភាពយុត្តធម៌ លោក COKOVIC DENIS ជនជាតិ កូសូវ័រ វ័យ៥៤ឆ្នាំ បានថ្លែងទាំងក្តីរំភើបថា ៖ ព្រះរាជាណាចក្រកម្ពុជា គឺជាទឹកដីដ៏អស្ចារ្យ ដែលបានអនុញ្ញាអោយលោក មានឪកាសចូលមកវិនិយោគ និងទទួលបានភាពកក់ក្តៅ ពីប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងអភិវឌ្ឈប្រទេសកម្ពុជាឱ្យរីកចម្រើន ហើយក៏មានការការពារវិនិយោគិនបរទេសទាំងអស់ ដែលចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។

លោក COKOVIC DENIS បានសម្តែងការដឹងគុណចំពោះព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំពោះភាពជាអ្នកដឹកនាំ ដែលបានផ្តល់នូវសន្តិភាពនិងវិបុលភាព ដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនទាំងអស់នៅកម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះតុលាការគ្រប់កម្រិតនៅកម្ពុជា ជាពិសេសតុលាការកំពូល ដែលបានជួយលោកក្នុងការស្វែងរកយុត្តិធម៌។ ជាចុងក្រោយប្រសិនបើមានឱកាសខ្ញុំ (COKOVIC) ចង់ជួបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីបង្ហាញពីការដឹងគុណនិងបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដក្នុងការវិនិយោគនៅកម្ពុជា។

លោក COKOVIC DENIS បានបន្ថែមថា ៖ “សម្រាប់វិនិយោគិនដូចខ្ញុំផ្ទាល់ខ្ញុំបានឃើញឱកាសជាច្រើនសម្រាប់ប្រជាជនមកពីគ្រប់ស្រទាប់វណ្ណៈក្នុងការបង្កើនជំនាញ ដើម្បីជួយលើកកម្ពស់រដ្ឋាភិបាលក្នុងការអភិវឌ្ឈន៍ ប្រទេសកម្ពុជានិងប្រកួតប្រជែងក្នុងទីផ្សារពិភពលោក។ ប្រទេសកម្ពុជាគឺជាប្រទេសដែលមានកម្លាំងពលកម្មក្មេងជាងគេបំផុតនៅលើពិភពលោក កម្មករវ័យក្មេងមួយចំនួនធំមានជំនាញគ្រប់វិស័យ បច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញយ៉ាងខ្លាំងក្លាដល់ការអប់រំខ្ពស់ដើម្បីបង្កើនធនធានមនុស្ស បំពេញតម្រូវការកម្លាំងការងារនៅសតវត្សរ៍ទី ២១ រួមទាំងការគាំទ្រយ៉ាងខ្លាំងដល់វិស័យកសិកម្ម”។

គួររំលឹកផងដែរថាលោក COKOVIC DENIS ជនជាតិ កូសូវ័រ ត្រូវបានតុលាការកំពូលកម្ពុជាលើកការចោទប្រកាន់ទាំងស្រុងនិងផ្តល់យុត្តិធម៌ជូនលោកវិញកាលពីថ្ងៃទី27 ខែកក្កដា ឆ្នាំ២០២0 តាមសាលដីកាព្រហ្មទណ្ឌលេខ ២៣៣ IV ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ និង កាលពីថ្ងៃទី30 ខែកញ្ញា ឆ្នាំ2021 តាមសាលដីកាព្រហ្មទណ្ឌលេខ 337 VI ចុះថ្ងៃទី 30 ខែកញ្ញា ឆ្នាំ2021 ក្រោមបណ្តឹងព្រហ្មទណ្ឌ ដែលដើមបណ្តឹងបានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ហើយសាលាដំបូងរាធានីភ្នំពេញ សម្រេចតាមសាលក្រមព្រហ្មទណ្ឌលេខ 892 ត ចុះថ្ងៃទី26-3-2019 ដោយចោទប្រកាន់ពីបទឆបោកនិងបានផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ចំនួន២ឆ្នាំ។ ដោយពុំសុខចិត្តទាំងខ្លួនមិនបានប្រព្រឹត្តកំហុសនោះ ក៏បានតស៊ូក្តីបន្តដាក់ពាក្យបណ្ដឹងឧទ្ធរណ៏ទៅកាន់សាលាឧទ្ធរណ៍។

បន្ទាប់មកនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ សាលាឧទ្ធរណ៍បានសម្រេចតាមសាលដីកាព្រហ្មទណ្ឌលេខ ៤១ក្រIIប ចុះថ្ងៃទី 24-5-2019 ដោយតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែលដោយលើកលែងតែទណ្ឌកម្មលើលោក COKOVIC DENIS ដាក់ពន្ធនាគារ២ឆ្នាំ ឱ្យនៅមកត្រឹមតែ ១ឆ្នាំ១០ខែ វិញ។ ដោយយល់ឃើញថាការសម្រេចសេចក្ដីនេះនៅមិនទាន់បានភាពយុត្តិធម៌មកកាន់ខ្លួននោះ ក៏សម្រេចចិត្តដាក់បណ្ដឹងសារទុក្ខទៅកាន់តុលាការកំពូលបន្តទៀតដើម្បីទាមទាររកយុត្តិធម៌។

នៅថ្ងៃទី27 ខែកក្កដា ឆ្នាំ២០២០ តុលាការកំពូលបានសម្រេចតាមសាលដីកាព្រហ្មទណ្ឌ លេខ ២៣៣ IV ចុះថ្ងៃទី27-7-2020 ឲ្យពួកគេទាំងបីនាក់ រួចផុតពីបទ ឆបោក។ បន្ទាប់មកទៀត មានរឿងដែលដើមបណ្ដឹង ដែលប្ដឹងអ្នកទាំងបីពីបទ មិនបំពេញកាតព្វចំពោះឧបករណ៍អាចជួញដូរបាននិងសមគំនិត ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេតាមសាលក្រមព្រហ្មទណ្ឌលេខ 1614 ហ ចុះថ្ងៃទី 11-6-2019 ឲ្យពួកគាត់ទាំបីនាក់រួចផុតពីបទចោទខាងលើ។

ដើមបណ្ដឹងមិនសុខចិត្តបានប្ដឹងឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍ក៏បានសម្រេចតាមសាលដីកាព្រហ្មទណ្ឌលេខ 159ក្រIIរ ចុះថ្ងៃទី 23-11-2020 ដោយច្រានចោលនូវបណ្ដឹងឧទ្ធរណ៍ របស់ដើមបណ្ដឹងរដ្ឋប្បវេណី។ ដើមបណ្ដឹងនៅតែមិនអស់ចិត្តក៏បានប្ដឹងសាទុក្ខបន្តទៀត ទៅតុលាការកំពូល។ ហើយតុលាការកំពូលបានលើករឿងនេះ មកជំនុំជម្រះ នៅថ្ងៃទី 27-9-2021 និង ប្រកាសនៅថ្ងៃទី30-9-2021 តាមសាលដីកាលេខ337 VI ចុះថ្ងៃទី30-9-2021 ដោយសម្រេចបដិសេធបណ្ដឹងសាទុក្ខ របស់ដើមបណ្ដឹ និងតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២