ទីបំផុត ការតស៊ូក្តីអស់រយៈពេល៤ឆ្នាំ អ្នកវិនិយោគជនជាតិបរទេស ទទួលបាន យុត្តិធម៌ឡើងវិញ នៅតុលាការកំពូលកម្ពុជា

ភ្នំពេញ ៖ ពាណិជ្ជករ ជនជាតិ កូសូវ័រ ក្រោយពីតស៊ូក្តីអស់រយៈពេល៤ឆ្នាំ ខណៈពេលនេះទទួលបានយុត្តិធម៌ឡើងវិញ នៅតុលាការកំពូលកម្ពុជា។

ក្រោយពីទទួលបានភាពយុត្តធម៌ លោក COKOVIC DENIS ជនជាតិ កូសូវ័រ វ័យ៥៤ឆ្នាំ បានថ្លែងទាំងក្តីរំភើបថា «ព្រះរាជាណាចក្រកម្ពុជា គឺជាទឹកដីដ៏អស្ចារ្យ ដែលបានអនុញ្ញាអោយលោក មានឪកាសចូលមកវិនិយោគបន្តនៅកម្ពុជា និងទទួលបានភាពកក់ក្តៅ ពីប្រមុខថ្នាក់ដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងអភិវឌ្ឈន៍ប្រទេសកម្ពុជាឱ្យរីកចម្រើន ហើយក៏មានការ ការពារវិនិយោគិនបរទេសទាំងអស់ ដែលចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា»។

លោក COKOVIC DENIS បានសម្តែងការដឹងគុណចំពោះព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហ មុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំពោះភាពជាអ្នកដឹកនាំ ដែលបានផ្តល់នូវសន្តិភាពនិងវិបុលភាព ដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនទាំងអស់នៅកម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះតុលាការគ្រប់កម្រិតនៅកម្ពុជាជាពិសេសតុលាការកំពូល ដែលបានជួយលោកក្នុងការស្វែងរកយុត្តិធម៌។ ជាចុងក្រោយប្រសិនបើមានឱកាសខ្ញុំ (COKOVIC) ចង់ជួបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដើម្បីបង្ហាញពីការដឹងគុណនិងបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដក្នុងការវិនិយោគនៅកម្ពុជា។

លោក COKOVIC DENIS បានបន្ថែមថា ៖ «សម្រាប់វិនិយោគិនដូចខ្ញុំផ្ទាល់ខ្ញុំបានឃើញឱកាសជាច្រើនសម្រាប់ប្រជាជនមកពីគ្រប់ស្រទាប់វណ្ណៈក្នុងការបង្កើនចំណេះជំនាញនិងជំនាញរបស់ពលរដ្ឋដើម្បីជួយលើកកម្ពស់រដ្ឋាភិបាលក្នុងការអភិវឌ្ឈន៍ប្រទេសកម្ពុជា និងប្រកួតប្រជែងក្នុងទីផ្សារពិភពលោក។ ប្រទេសកម្ពុជាគឺជាប្រទេសដែលមានកម្លាំងពលកម្មក្មេងជាងគេបំផុតនៅលើពិភពលោក កម្មករវ័យក្មេងមួយចំនួនធំមានជំនាញគ្រប់វិស័យ បច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញយ៉ាងខ្លាំងក្លាដល់ការអប់រំខ្ពស់ដើម្បីបង្កើនធនធានមនុស្ស បំពេញតម្រូវការកម្លាំងការងារនៅសតវត្សរ៍ទី ២១ រួមទាំងការគាំទ្រយ៉ាងខ្លាំងដល់វិស័យកសិកម្ម»។

បើទោះបីជាលោក COKOVIC DENIS បានរងភាពអយុត្តិធម៌ និងការតស៊ូក្តីអស់រយៈពេលជាច្រើនឆ្នាំនៅទីបំផុតលោកបានទទួលភាពយុត្តិធម៌ពេញលេញ។ លោក COKOVIC នៅតែផ្តាច់ញ្ញាចិត្តបន្តគម្រោងវិនិយោគថែមទៀតនៅកម្ពុជា ដោយលោកជឿជាក់លើទស្សនៈបណ្ឌិតសន្តិភាពសម្តេចតេជោ ហ៊ុន សែន ក្នុងការយកចិត្តទុកដាក់ការពារវិនិយោគទុនបរទេស ដោយលោកបញ្ជាក់ថា លោកមានគម្រោងជាច្រើននៅប្រទេសកម្ពុជា ហើយគម្រោងនីមួយៗ មានចាប់ពី៥ ទៅ៦ឆ្នាំ ដូច្នេះលោកនឹងរស់នៅប្រទេសកម្ពុជារហូតដល់ចប់គម្រោងរបស់លោក តែលោកក៏មិនដឹងថា គម្រោងនឹងចប់នៅពេលណាដែរ ពីព្រោះគម្រោងមានច្រើន។ ពាណិជ្ជករជនជាតិ កូសូវ័រ វ័យ ៥៤ឆ្នាំរូបនេះ ក៏មានបំណងចង់ចូលសញ្ជាតិកម្ពុជាផងដែរ ដោយយល់ឃើញថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលសម្បូរទៅដោយយុវជនច្រើនជាងគេនៅលើពិភពលោក មានលក្ខណៈវ័យក្មេងប្រកបដោយលក្ខណៈជំនាញ នៅគ្រប់ស្ថាប័នឧស្សាហកម្ម។ បច្ចុប្បន្ន សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងជំរុញយ៉ាងផុសផុល ក្នុងការលើកកម្ពស់វិស័យអប់រំ ធនធានមនុស្ស ដើម្បីបំពេញតម្រូវការចាំបាច់ នៃកម្លាំងការងារក្នុងសតវត្សទី២១ នៃការគាំទ្រដ៏រឹងមាំដល់កសិឧស្សាហកម្ម និងផ្នែកជាច្រើននៅកម្ពុជា រួមទាំងការជួយជម្រុញកំណើនការងារដល់ពលរដ្ឋបានយ៉ាងច្រើន។ មុននឹងឈានជើងចូលប្រទេសកម្ពុជា លោកបានសិក្សាច្រើនពីកម្ពុជា ហើយនៅពេលលោកជួបបញ្ហាផ្ទាល់ខ្លួននេះ ធ្វើឲ្យលោកកាន់តែមានភាពជឿជាក់លើប្រព័ន្ធដឹកនាំរបស់កម្ពុជា។ ពីព្រោះ «ខ្ញុំ (COKOVIC )គឺជាសាក្សីរស់ផ្ទាល់ ហើយខ្ញុំគឺជាអ្នករងបទពិសោធន៍ផ្ទាល់របស់ខ្ញុំ នៅពេលដែលខ្ញុំទទួលនូវទុក្ខលំបាកទាំងអស់នេះ ខ្ញុំបានដឹង ខ្ញុំបានជឿជាក់ ហើយមានដៃគូជាច្រើនបានជួយជ្រោមជ្រែងខ្ញុំ ខ្ញុំមិនដែលឃើញប្រជាជាតិណាមួយបានយកចិត្តទុកដាក់ទៅលើខ្ញុំកំពុងមានបញ្ហាបែបនេះនោះទេ។ ហើយខ្ញុំដឹងថា អ្វីដែលជាការដឹកនាំរបស់ស្ថាប័នរដ្ឋ ខុសហើយនិងត្រូវ គឺបានបែងចែក ការពារសិទ្ធិរបស់ខ្ញុំមួយរយភាគរយ ដែលនេះហើយ ធ្វើឲ្យខ្ញុំមានចិត្តបន្តគៀងគរភាគីវិនិយោគិនក្រៅប្រទេសដែលជាដៃគូស្រាប់នៅមានជាច្រើនប្រទេសដូចជា បារាំង កាណាដា អូស្ត្រាលី និងបណ្តាប្រទេសមួយចំនួនទៀត ឲ្យចូលមកវិនិយោគនៅប្រទេសកម្ពុជា។ ការដែលខ្ញុំទទួលយុត្តិធម៌នៅថ្ងៃនេះ ធ្វើឲ្យខ្ញុំរីករាយយ៉ាងខ្លាំង ហើយគ្រប់គ្នាសុទ្ធតែបានគាំទ្រខ្ញុំគ្រប់ពេលវេលាទាំងអស់»។

គួររំលឹកផងដែរថាលោក COKOVIC DENIS ជនជាតិ កូសូវ័រ វ័យ ៥៤ឆ្នាំ ត្រូវបានតុលាការកំពូលកម្ពុជាលើកការចោទប្រកាន់ទាំងស្រុងនិងផ្តល់យុត្តិធម៌ជូនលោកវិញកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២0 តាមសាលដីកាព្រហ្មទណ្ឌលេខ ២៣៣ IV ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ និង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ តាមសាលដីកាព្រហ្មទណ្ឌលេខ ៣៣៧ VI ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមបណ្តឹងព្រហ្មទណ្ឌ ដែលដើមបណ្តឹងបានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ហើយសាលាដំបូងរាធានីភ្នំពេញ សម្រេចតាមសាលក្រមព្រហ្មទណ្ឌលេខ៨៩២ “ត” ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ដោយចោទប្រកាន់ពីបទឆបោកនិងបានផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ចំនួន២ឆ្នាំ។ ដោយពុំសុខចិត្តទាំងខ្លួនមិនបានប្រព្រឹត្តកំហុសនោះ ក៏បានតស៊ូក្តីបន្តដាក់ពាក្យបណ្ដឹងឧទ្ធរណ៏ទៅកាន់សាលាឧទ្ធរណ៍។

បន្ទាប់មកនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ សាលាឧទ្ធរណ៍បានសម្រេចតាមសាលដីកាព្រហ្មទណ្ឌលេខ ៤១ក្រIIប ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ដោយតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែលដោយលើកលែងតែទណ្ឌកម្មលើលោក COKOVIC DENIS ដាក់ពន្ធនាគារ២ឆ្នាំ ឱ្យនៅមកត្រឹមតែ ១ឆ្នាំ១០ខែវិញ។ ដោយយល់ឃើញថាការសម្រេចសេចក្ដីនេះនៅមិនទាន់បានភាពយុត្តិធម៌មកកាន់ខ្លួននោះ ក៏សម្រេចចិត្តដាក់បណ្ដឹងសារទុក្ខទៅកាន់តុលាការកំពូលបន្តទៀតដើម្បីទាមទាររកយុត្តិធម៌។

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ តុលាការកំពូលបានសម្រេចតាមសាលដីកាព្រហ្មទណ្ឌលេខ ២៣៣ IV ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឲ្យពួកគេទាំងបីនាក់រួចផុតពីបទ ឆបោក។ បន្ទាប់មកទៀតមានរឿងដែលដើមបណ្ដឹងដែលប្ដឹងអ្នកទាំងបីពីបទ មិនបំពេញកាតព្វចំពោះឧបករណ៏អាចជួញដូរបាននិងសមគំនិត ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេតាមសាលក្រមព្រហ្មទណ្ឌលេខ១៦១៤ “ហ” ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ឲ្យពួកគាត់ទាំបីនាក់រួចផុតពីបទចោទខាងលើ។ ដើមបណ្ដឹងមិនសុខចិត្តបានប្ដឹងឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍ក៏បានសម្រេចតាមសាលដីកាព្រហ្មទណ្ឌលេខ ១៥៩ក្រIIរ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយច្រានចោលនូវបណ្ដឹងឧទ្ធរណ៍របស់ដើមបណ្ដឹងរដ្ឋប្បវេណី។ ដើមបណ្ដឹងនៅតែមិនអស់ចិត្តក៏បានប្ដឹងសាទុក្ខបន្តទៀតទៅតុលាការកំពូល។ ហើយតុលាការកំពូលបានលើករឿងនេះមកជំនុំជម្រះនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១និងប្រកាសនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ តាមសាលដីកាលេខ៣៣៧ VI ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ដោយសម្រេចបដិសេធបណ្ដឹងសាទុក្ខរបស់ដើមបណ្ដឹ និងតម្កល់សាលដីការបស់សាលាឧទ្ធរណ៏ទុកជាបានការ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២