ក្រសួងធនធានទឹក សូមអោយពលរដ្ឋរស់នៅអមសងខាងស្ទឹងសែន បង្កើនការប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងកំពុងហក់ឡើងដែលបណ្តាឲ្យមានជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី ស្ថានភាពទឹកស្ទឹងសែនក្រសួងធនធានទឹក និងឧតុនិយម បានអោយថា ៖ ព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងបន្តទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប ឥណ្ឌា និងខ្យល់មូសុងនិរតីមធ្យម ហើយបន្តទៅមុខទៀតនឹងទទួលឥទ្ធិពលផ្សេងៗថែមទៀត។

ស្ថានភាពបែបនេះ ធ្វើឲ្យក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ខេត្តព្រះវិហារ ដែលជាប្រភពដើមរបស់ស្ទឹងសែន បណ្តាលឲ្យកើត មានជាជំនន់ទឹកភ្លៀង ហើយទឹកនេះ នឹងបន្តហូរធ្លាក់មកខេត្តកំពង់ធំ តាមរយៈស្ទឹងសែន។

យោងតាមការពិនិត្យកម្ពស់ទឹកនៅស្ថានីយជលសាស្ត្រតាមដងស្ទឹងសែន នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២១ ឃើញថា ៖ នៅស្ថានីយស្ពានដូនម៉ា-ឃុំរក្សា ខេត្តព្រះវិហារ ទឹកមានកម្ពស់ ១៣,៥៨ ម៉ែត្រ ខ្ពស់ ជាងថ្ងៃម្សិលមិញ ០,៣៤ ម៉ែត្រ។ នៅស្ថានីយសណ្តាន់ ខេត្តកំពង់ធំ ទឹកមានកម្ពស់ ១៨,២៦ ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញ០,១០ ម៉ែត្រ ។ នៅស្ថានីយខេត្តកំពង់ធំ ទឹកមានកម្ពស់ ១៣,៣១ ម៉ែត្រ ទឹកនៅនឹង។

យោងលើស្ថានភាពកម្ពស់ទឹក ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងស្ទឹងសែន សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាច កើតមានឡើងជាយថាហេតុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២