ផលិតផលគ្រឿងសម្អាង ឈ្មោះ Eau Thermale Avene Thermal Spring Water ត្រូវបានប្រកាសហាមឃាត់ ចែកចាយ-លក់ ព្រោះគ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ជម្រាបជូនឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ឱសថការីទទួលបន្ទុកបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ ម្ចាស់គ្រឹះស្ថានលក់គ្រឿងសម្អាង និងសាធារណជនទាំងអស់ឱ្យ បានជ្រាបថា៖ តាមការស្រាវជ្រាវរបស់ក្រសួងសុខាភិបាលឃើញមានផលិតផលគ្រឿងសម្អាងឈ្មោះ Eau Thermale Avene Thermal Spring Water គ្មានលេខប្រវេទន៍ កំពុងដាក់លក់នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្រដៀងនឹង ផលិតផលគ្រឿងសម្អាងពិត ដែលនាំចូលដោយ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ DKSH (CAMBODIA) CO., LTD. មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។ អាស្រ័យដូចបានជម្រាបជូនខាងលើ និងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលសូមធ្វើណែនាំដូចតទៅ៖

១. សូមអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ណែនាំដល់ឯកឧត្តម លោកជំទាវប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់គ្រឹះស្ថានលក់ឱសថ និងគ្រឹះស្ថានលក់គ្រឿងសម្អាងទាំងអស់ឱ្យបញ្ឈប់ ការលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើ ជាបន្តទៀត។

២. ភ្នាក់ងារត្រួតពិនិត្យឱសថនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ត្រូវសហការជាមួយមន្ទីរ សុខាភិបាលរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីតាមដានរកជនខិលខូចមកផ្តន្ទាទោស និងប្រមូល ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើ មកកំទេចចោល។

៣. លោក លោកស្រីឱសថការីដែលទទួលបន្ទុកបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ ម្ចាស់គ្រឹះស្ថានលក់គ្រឿងសម្អាង ព្រម ទាំងលោក លោកស្រីអាជីវករ ទាំងអស់ ត្រូវបញ្ឈប់ការចែកចាយ និងលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ ខាងលើ ជាបន្ទាន់។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះគ្រឹះស្ថានលក់ឱសថ កន្លែងលក់គ្រឿងសម្អាង និងបុគ្គលទាំងឡាយណាដែលនៅតែបន្តចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើ តាមច្បាប់ជាធរមាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២