ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គាំទ្រគំនិតផ្តួចផ្តើមក្នុងការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញកំណត់ “សញ្ជាតិខ្មែរតែមួយគត់”

ភ្នំពេញ ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិត គាំទ្រ នូវគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញកំណត់ «សញ្ជាតិខ្មែរតែមួយគត់» និងសូមផ្ញើលិខិតរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីចាត់ការតាមនីតិវិធី។

នៅក្នុងព្រះរាជលិខិត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានព្ររះបន្ទូលថា សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំបានទទួលនូវលិខិតលេខ ០៦៣/០១/២០២១ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញស្តីពីមតិរបស់ក្រុមប្រឹក្សា ធម្មនុញ្ញ អំពីការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និង មាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដើម្បីកំណត់ ឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជា ឥស្សរជនដែលមាន សញ្ជាតិខ្មែរតែមួយគត់។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រគល់ជូន សម្តេចអគ្គមហាសេនាបតីតេជោ នូវលិខិតរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ខាងលើនេះ ដើម្បីចាត់ការ តាមនីតិវិធី។

សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញមតិ (Comment) មួយ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅលើហ្វេសបុករបស់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសម្នាក់ ឈ្មោះ ចិត្រា អង្គុល្លីមារ កែវ ដែលលើកឡើងអំពីព្រះរាជសាររបស់ព្រះមហាក្សត្រ ឯកភាពឱ្យក្រុមរដ្ឋធម្មនុញ្ញចាត់ចែងសេចក្តីព្រាងច្បាប់នេះតាមនីតិរដ្ឋ។ លោក ចិត្រា ដែលជាអ្នកអត្ថាធិប្បាយតាមបណ្តាញសង្គមអំពីរឿងនយោបាយ ហើយចាប់ផ្តើមល្បីល្បាញមួយរយៈចុងក្រោយនេះ បានចាត់ទុកថា ព្រះរាជសារព្រះមហាក្សត្រ ធ្វើឱ្យក្តីសង្ឃឹមរបស់មេបក្សប្រឆាំង ថាព្រះមហាក្សត្រមិនទទួលស្គាល់នៅវិសោធនកម្មច្បាប់នេះត្រូវចប់។

នៅក្នុងខ្លឹមសារ Comment នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «តាមល្បឿនដំណើរការនេះប្រើពេលមិនយូរទេ ព្រោះសេចក្តីថ្លែងហេតុ និងលិខិតរបស់នាយករដ្ឋមន្ត្រី បានទៅដល់សភារួចហើយ។ «នេះជាផលប្រយោជន៍យូរអង្វែងរបស់ជាតិ ប្រសិនគេស្រឡាញ់ជាតិពិតប្រាកដ គេមិនខ្លាចលះបង់សញ្ជាតិបរទេសមកបម្រើជាតិខ្មែរនៅក្នុងឋានៈជានាយករដ្ឋមន្ត្រី ជាប្រធានរដ្ឋសភាជាប្រធាន ព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាធម្មនុញទេ»។

សម្តេចបានបន្តថា «រដ្ឋធម្មនុញក្រោយធ្វើវិសោធនកម្ម បានរក្សាទ្វារចំហរសម្រាប់បងប្អូនដែលមានសញ្ជាតិ២ ឬច្រើន មកធ្វើការងារក្រៅពីតំណែងទាំង៤ខាងលើ ដូចនេះបងប្អូនដែលមានសញ្ជាតិច្រើន គ្មានអ្វីត្រូវខាតបង់នោះឡើយ លើកលែងតែបុគ្គលដែលប្រាថ្នាកាន់តំណែងកំពូលទាំង៤ ពិសេសតំណែងជានាយករដ្ឋមន្ត្រី ដែលគេចង់បានជាង២០ឆ្នាំមកហើយ តែគេមិនអាចទទួលបានដោយសារក្បាច់ទាត់គេបាក់ជើងខ្លួនឯងនាពេលកន្លងមក ពិសេសប្រើក្បាច់ពិសេស ចុងក្រោយនេះគឺក្បាច់ Good bye prime minister !»។

សូមបញ្ជាក់ថា ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័ត និងកែសម្រួលពាក្យពេចន៍មួយចំនួន លើ “សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣និង មាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២