ក្រោយពីការប្រកាសរំសាយតំបន់លឿងទុំ និងតំបន់ក្រហម នាចុងខែកញ្ញាកន្លងមក អាជ្ញាធរខេត្តសៀមរាប ដាក់ពាក្យស្នើសុំ ដើម្បីបើកសាលា បង្រៀនសិស្សឡើងវិញ

ខេត្តសៀមរាប ៖ ក្រោយពីការប្រកាសរំសាយតំបន់លឿងទុំ និងតំបន់ក្រហម នាចុងខែកញ្ញាកន្លងមកនេះ ក្នុងចំណោមបណ្តាក្រុង-ស្រុកទាំង១២របស់ខេត្តសៀមរាប មានបណ្តាស្រុកចំនួន៨ អាជ្ញាធរខេត្តសៀមរាប បានដាក់ពាក្យស្នើសុំមករដ្ឋបាលខេត្ត តាមរយៈមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីបើកសាលាបង្រៀនសិស្សឡើងវិញ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មការរៀបចំបើកដំណើរការសាលារៀនឡើងវិញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មកទល់ពេលនេះ ខេត្តសៀមរាបពុំទាន់បានដំណើរការនៅឡើយនោះទេ ដោយ សារតែកាលពីពាក់កណ្តាលខែកញ្ញា ខេត្តសៀមរាបកំពុងស្ថិតក្នុងស្ថានភាពហានិភ័យខ្ពស់ នៃជំងឺកូវីដ-១៩ តែការបង្រៀនសិស្សពីចម្ងាយតាមប្រព័ន្ធអនឡាញ គឺនៅមានដំណើរការ។

ទាក់ទងនឹងស្នើសុំនេះ គណៈកម្មការរៀបចំបើកដំណើរការសាលារៀនឡើងវិញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ម្សិលមិញ បានចុះទៅកាន់ស្រុកចំនួន៣ គឺស្រុកបន្ទាយស្រី ស្រុកស្វាយលើ និងស្រុកសូទ្រនិគម។ ដើម្បីទៅជួបប្រឹក្សាជាមួយអាជ្ញា ធរមូលដ្ឋាន គ្រូបង្រៀន គណៈកម្មការគ្រប់គ្រងសាលា ដើម្បីឈ្វេងយល់ និងផ្តល់នូវការណែ នាំ អំពីការត្រៀមលក្ខណៈបើកសាលារៀនឡើងវិញនោះ។

លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានលើកឡើងថា ការបើកសាលាបង្រៀនសិស្សឡើងវិញនេះ វាមិនមែនជាព្រឹត្តិការណ៍ ឬជាការងារថ្មីនោះទេ ការណែនាំរបស់ក្រសួងអប់រំ កាលពីដើមខែកញ្ញា ឆ្នាំ២០២០ នៅជាធរមាននៅឡើយ ព្រមជាមួយនឹងការណែនាំបន្ថែមស្តីពីស្តង់ដារអនាម័យ ការអនុវត្តវិធានការ៣ការពារ ៣កុំ ការចាក់វ៉ាក់សាំងបង្ការសម្រាប់សិស្ស និងបុគ្គលិកអប់រំ និងការធ្វើតេស្តសំណាកគ្រូបង្រៀន មុនបើកសាលាបង្រៀនសិស្ស ជាដើម។

លោកបាន ពន្យលបន្ថែមទៀតថា ខេត្តសៀមរាបកន្លងមកនេះ បើទោះជាការបង្រៀន និងរៀនតាមបណ្តុំមិនទាន់បានដំណើរការនៅឡើយ ក៏ប៉ុន្តែការបង្រៀន និងរៀនពីចម្ងាយ ត្រូវបានអនុវត្តតាមការណែនាំរបស់ក្រសួងទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទ ដោយបានរៀបចំឱ្យមានក្នុងរូបភាពចម្រុះ ជាបណ្តុំតាមសហគមន៍ ហើយការត្រៀមបើកសាលារៀនឡើងវិញនេះ ផ្តោតសំខានចាប់ពីថ្នាក់ទី៥ ទី៦ ទី៩ និងថ្នាក់ទី១២ ហើយក្នុងថ្នាក់រៀននីមួយៗ មិនលើសទី១៥នាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២