គណៈរដ្ឋមន្ត្រីបញ្ជូនសំណើសុំធ្វើវិសោធនកម្មនៃរដ្ឋធម្មនុញ្ញកំណត់ឱ្យប្រធានរដ្ឋសភា, ព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយទៅដល់រដ្ឋសភា

ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រីបានបញ្ជូនសំណើធ្វើវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញ ទៅដល់រដ្ឋសភាហើយកាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ បន្ទាប់ពីទទួលបានសំណើនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងកោះប្រជុំនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដើម្បីពិនិត្យពិភាក្សា។

លោកផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា គណៈរដ្ឋមន្ត្រីបានបញ្ជូនសំណើធ្វើវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញ ទៅដល់រដ្ឋសភាហើយកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

ចំណែកលោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភាបានទទួលសំណើធ្វើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម គឺបានបញ្ជូនមកដល់រដ្ឋសភាហើយកាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបានទទួលហើយ រដ្ឋសភានឹងប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មការជំនាញដើម្បីសិក្សា បន្ទាប់ពីសិក្សារួចធ្វើរបាយការណ៍សុំដាក់ប្រជុំពេញអង្គ។

អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នឹងប្រជុំនៅថ្ងៃទី១៤ ខែតុលា ខាងមុខនេះ ដើម្បីសំណើធ្វើវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញ។

សូមជម្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីព្រឹកថ្ងៃទី១១ ខែតុលា នេះ បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយផ្អែកលើមាត្រា១៥៣ថ្មី (ពីរ មាត្រា១៥១ថ្មី) មាត្រា១៥៤ថ្មី(ពីរ មាត្រា១៥២ថ្មី) និងមាត្រា១៥៥ថ្មី (ពីរ មាត្រា១៥៣ថ្មី) នៃរដ្ឋធម្មនុញ្ញ ការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ អាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្តែង និងពុំមានអ្វីប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័ត និងកែសម្រួលពាក្យពេចន៍មួយចំនួន លើ “សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣និង មាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២