រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញនូវគោលការណ៍ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ត្រូវបង្ហាញប័ណ្ណចាក់វាក់សាំង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានល្អប្រសើរ ចៀសវាងការរីករាលដាលបន្តទៀត

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំតាមរយៈ Video Conference កាលពីរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ថ្មីៗមួយចំនួនទៀត ដូចជា រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ត្រូវបង្ហាញប័ណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ ប័ណ្ណចាក់ចាំក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីយើងទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានល្អប្រសើរ ចៀសវាងការរីករាលដាលបន្តទៀត។ កិច្ចការងារនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញនូវសេចក្តីជូនដំណឹងរួចហើយដែរ កាលពីសប្តាហ៍មុននេះ។ ដូច្នេះសូមអាជ្ញាធរខណ្ឌទាំង១៤ ត្រូវអនុវត្តន៍ការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមជឿជាក់ថា បើយើងអនុវត្តន៍ការងារនេះ បានល្អប្រសើរ និងមានភាពម៉ឺងម៉ាត់នោះ វានឹងកាត់បន្ថយបាននូវការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធរខណ្ឌទាំង១៤ ក្រុមការងារពាក់ព័ន្ធ ក្រុមគ្រូពេទ្យគ្រប់ក្រុមទាំងអស់ ដែលកន្លងមកត្រូវបានប្រជាពលរដ្ឋដាក់រហ័សនាមថា ជាកងទ័ពអាវស បានយកចិត្តទុកដាក់ក្នុងការថែទាំនិងព្យាបា លប្រជាពលរដ្ឋបានល្អ និងក៏ដូចជា កម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានលះបង់អស់កម្លាំងកាយចិត្ត បំពេញការងារទាំងយប់ ទាំងថ្ងៃ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩នេះ។ ពោលគឺអាជ្ញាធរនិងកងម្លាំងយើងអនុវត្តបានយ៉ាងល្អ ទៅតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺការរក្សាអាយុជីវិត បងប្អូនប្រជាពលរដ្ឋឱ្យបានគង់វង្ស៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២