មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្តេជ្ញាពង្រឹង និងបង្កើត “កងទ័ពដែលគ្មានគូរប្រៀប”

ព្យុងយ៉ាង៖ បណ្តាសារព័ត៌មានអន្តជាតិនានាបានចាប់អារម្មណ៍ទៅលើមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ដែលបានបាត់មុខចេញពីបណ្តាសារព័ត៌មានអំឡុងពេលដែលកូវីដ-១៩ រាលដាល ហើយការវិលត្រលប់មកវិញជាមួយនឹងការសាកល្បងតេស្តម៊ីស៊ីល និងការប្រកាសបង្កើតកងទ័ពដែលគ្មានគូប្រៀប ហើយការបង្ហាញវត្តមានជាថ្មីរបស់លោកគីម ជុងអ៊ុន នេះគឺនៅក្នុងព្រឹត្តិការណ៍
ខួបទី៧៦ឆ្នាំនៃបក្សពលករកូរ៉េ ដែលធ្វើឲ្យអ្នកវិភាគបានបញ្ចេញទស្សនៈថា នេះជាការបញ្ហាញឥទ្ធិពលសព្វាវុធរយៈចំងាយឆ្ងាយ ដែលបានបញ្ជាក់ថា ជាលទ្ធផលសម្រេចរបស់កូរ៉េខាងជើងក្នុងវិស័យយោធា ក៏ដូចជាការបង្ហាញទស្សនៈវិស័យរបស់ខ្លួនក្នុងពេលអនាគតផងដែរ។ លោក គីម ជុងអ៊ុន ក៏បានបញ្ជាក់ផងដែរថា នេះជាផែនការដ៏ធំមហិមារបស់ខ្លួនក្នុងការបង្កើតកងទ័ព ដែលគ្មានគូរប្រៀបឡើយ ។

ទោះបីយ៉ាងណាក៏ដោយ ការបង្ហាញនេះលោក គីមបានថ្លែងថា “យើងមិនបានត្រៀមធ្វើសង្រ្គាមជាមួយនរណាទេ ប៉ុន្តែជាការការពារមិនឲ្យកើតសង្រ្គាម នឹងបន្ថែមការទប់ស្កាត់ ដើម្បីការពារអធិប្បតេយ្យភាពរបស់យើង”។

នេះក៏សញ្ញាមួយដែលអន្តរជាតិ ក៏ដូចជាអាមេរិក អូសទាញកូរ៉េខាងជើងចូលក្នុងតុចរចារ ប៉ុន្តែវាមិនទាន់បានកើតឡើងនៅឡើយទេ។ នៅអំឡុងពេលមួយខែ កន្លងមកនេះ គ្រប់សារព័ត៌មានអន្តរជាតិបានចាប់អារម្មណ៍ នៅពេលដែលប្រទេសនៅឧបទ្វីបកូរ៉េមួយនេះបានប្រកាសបាញ់សាកល្បងម៊ីស៊ីល ជាច្រើនលើកនៅចន្លោះថ្ងៃទី ១៥ និង ១៦ ខែកញ្ញាកន្លងទៅនេះ បានធ្វើការសាកល្បងបាញ់ម៊ីស៊ីលចេញពីរថភ្លើងក្រោមដី មួយកន្លែងដែលស្ថិតនៅភូមិភាគកណ្តាល។ ( រូបភាពបាញ់ម៊ីស៊ីល )

ការសាកល្បងម៊ីស៊ីលនេះគឺជា ម៊ីស៊ីលប្រភេទកណ្តាល ដែលអាចបាញ់បានចម្ងាយ ៨០០ គីឡូម៉ែត្រ។ ជាការចាប់អាម្មណ៍នៅក្នុងថ្ងៃតែមួយនោះ ស្របដែលកូរ៉េខាងជើងសាកល្បងម៊ីស៊ីល រីឯកូរ៉េខាងត្បូងក៏បានធ្វើការបាញ់សាកល្បងម៊ីស៊ីលចេញពីនាវាមុជទឹកដូចគ្នាដែរ ។

នេះជាការសាកល្បងបាញ់ម៊ីស៊ីលចេញពីនាវាមុជទឹករបស់កូរ៉េខាងត្បូង នៅក្នុងថ្ងៃតែមួយ ដែលជាការបង្ហាញសញ្ញា ការកើនឡើងកម្តៅឧបទ្វីបកូរ៉េរវាងបងប្អូនទាំងពីរ ។
ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំ UN បានថ្លែងថា កូរ៉េខាងជើងមានសិទ្ធិក្នុងការការពារខ្លួនឯង ” មិនមាននរណាអាចបដិសេធសិទ្ធិរបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍន៍ សាកល្បង ផលិត និងគ្រប់គ្រងអាវុធ ដើម្បីការពារខ្លួនឯងឲ្យបានស្មើរភាពដូចជាប្រទេសផ្សេងៗលើពិភពលោក ” ។

អំឡុងពេលដែលឯកអគ្គរដ្ឋទូតបានថ្លែងបញ្ជាក់ពីសិទ្ធិការពារខ្លួនបែបនេះ បានធ្វើឲ្យប្រទេសជាច្រើនលើពិភកលោកបានសម្លឹងឃើញថា ការបាញ់សាកល្បងម៊ីស៊ីលនេះ វាអាចឈានទៅដល់ការបង្កើតជាបញ្ហា។ ជាមួយគ្នានេះសហរដ្ឋអាមេរិកក៏បានចេញប្រតិកម្មជាបន្តបន្ទាប់ និងទាមទារឲ្យកូរ៉េខាងជើងត្រលប់មកតុចរចារវិញ ដើម្បីជំរុញឲ្យទីក្រុងព្យុងយ៉ាងបញ្ឍប់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ដើម្បីឈានទៅដល់់ការដកចេញទណ្ឌកម្ម ប៉ុន្តែរឿងទាំងអស់នេះមិនទាន់មានការកើតឡើងនៅឡើយទេ ។

នៅក្នុងវេទិការនោះ គេបានឃើញសកម្មភាពរបស់លោកគីម នៅលើវេទិការគម្រប់ខួប ៧៦ ឆ្នាំ ដែលបានប្រកាសថា កូរ៉េខាងជើងនឹងបង្កើតកងទ័ពមួយដែលគ្មានគូប្រៀប ដែលធ្វើឲ្យមានសំនួរជាច្រើនចោទសួរថា តើកងទ័ពគ្មានគូប្រៀបរបស់លោក គិម កើតឡើងដោយរបៀបណា ដោយសារតែទណ្ឌកម្មអន្តរជាតិហ៊ុព័ទ្ធជុំទិស ក៏ប៉ុន្តែនៅពេលឃើញសព្វាវុធជាច្រើនដាក់តាំងនៅក្នុងឃ្លាំងស្តុកអាវុធរបស់កូរ៉េខាងជើងនោះ នេះជាសញ្ញាបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ប្រទេសមួយនេះបានសន្សំអាវុធបានច្រើនហួសពីការស្មាន ជាពិសេសគឺម៊ីស៊ីល ល្បឿនលឿនជាងសំឡេងដែលបានសាកល្បងហើយដូចគ្នា។ ពីពេលនេះទៅភាពរីកចម្រើនរបស់កូរ៉េខាងជើងក្នុងការសាកល្បងម៊ីស៊ីល រួមជាមួយនឹងសកម្មភាពរបស់លោក គីម ជុងអ៊ុន ជាសកម្មភាពមួយ ដែលរឹងមាំឬមួយយ៉ាងណា ?

កូរ៉េខាងជើងជាប្រទេសដែលត្រូវបានហាមឃាត់មិនឲ្យសាកល្បងម៊ីស៊ីល នុយក្លេអ៊ែរ និងម៊ីស៊ីលរយៈចម្ងាយឆ្ងាយ ប៉ុន្តែត្រូវបានប្រទេសឯកោមួយនេះតែងតែ ផ្គើននឹងបម្រាមដែលធ្វើឲ្យទណ្ឌកម្មអន្តរជាតិធ្លាក់មកលើប្រទេសនេះជាបន្តបន្ទាប់ យ៉ាងធ្ងន់ធ្ងរ ។

កាលពីខែមុន ទីស្នាក់ការអង្គការសហប្រជាជាតិ ក៏បានបង្ហាញថា កូរ៉េខាងជើងចាប់ផ្តើមប្រតិបត្តិការរោងចក្រនុយក្លេអ៊ែរដើម្បីបំលែងសារជាតិ អ៊ុយរ៉ាញ្ញូម ដើម្បីផលិតអាវុធនុយក្លេអ៊ែរ ដែលនេះជាសកម្មភាពមួយដែលគេបានលើកឡើងថា ជាការបង្កបញ្ហាជាមួយអន្តរជាតិ។

នៅអំឡុងពេលនេះ មើលទៅភាគីចិនវិញ ក៏បានផ្អាកបញ្ជូនស្បៀង រួមជាមួយនឹងប្រេងទៅកាន់ប្រទេសមួយនេះផងដែរ ។ រូបភាពមួយត្រូវបានធ្វើឲ្យបណ្តាសារព័ត៌មានធ្វើការចាប់អារម្មណ៍ និង វិភាគលើមេដឹកនាំវ័យក្មេងរូបនេះ ក្នុងកម្មវិធីគម្រប់ខួប ៧៦ ឆ្នាំ ដែលបានផ្តោតការចាប់អារម្មណ៍ថា លោក គីមបានពាក់ស្បែកជើងផ្ទាត់ និងមានសភាពស្គមជាងមុន ដែលជាការវិភាគមួយទៅលើបញ្ហាសុខភាពរបស់មេដឹកនាំកំពូលរូបនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២