កូរ៉េខាងត្បូង ត្រៀមដាក់ចេញយុទ្ធសាស្ត្រថ្មីឱ្យពលរដ្ឋខ្លួនរៀនរស់នៅជាមួយកូវីដ-១៩ និងដកការរឹតត្បឹតមួយចំនួន

សេអ៊ូល៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ កូរ៉េខាងត្បូងបានពិភាក្សាអំពីលទ្ធភាពក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ ក្នុងរយៈពេលវែង ក្នុងគោលបំណងបើកសេដ្ឋកិច្ចសង្គមឡើងវិញ ស្របពេលដែលមានការកើនឡើងនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។

ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបាននិយាយកាលពីសប្តាហ៍មុនថា ក្រោមយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលមានបំណងបន្ធូរបន្ថយការរឹតត្បិតពាក់ព័ន្ធជំងឺកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងការពារពេញលេញ និងលើកទឹកចិត្តអ្នកជំងឺមិនបញ្ចេញរោគសញ្ញា និងរោគសញ្ញាស្រាលអាយុក្រោម ៧០ ឆ្នាំឲ្យព្យាបាលនៅផ្ទះ ។

បន្ថែមពីនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏គ្រោងនឹងរាប់តែចំនួននាក់ ដែលចូលសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់ប៉ុណ្ណោះ ហើយនឹងពិចារណាមិនផ្សាយតួលេខឆ្លងប្រចាំថ្ងៃឡើយ ។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីលោក Kim Boo-ក៏បានថ្លែងថា “យើងនឹងប្រែក្លាយជំងឹកូវីដ ១៩ ទៅជាជំងឺឆ្លងដែលអាចគ្រប់គ្រងបាន ហើយនឹងផ្ដល់ទម្លាប់ធម្មតាដល់ប្រជាជនវិញ ប៉ុន្តែការពាក់ម៉ាសត្រូវតែអនុវត្តដដែល” ។

គួរបញ្ជាក់ផងដែរថា យុទ្ធសាស្ត្រថ្មីនេះបានកើតឡើង ដោយសារយុទ្ធនាការចាក់វ៉ាក់សាំង ដែលដំបូងឡើយត្រូវបានរារាំងដោយកង្វះការផ្គត់ផ្គង់បានកើនឡើងយ៉ាងឆាប់រហ័ស ។ ប្រទេសកូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងតិចមួយដូសដល់ប្រជាជនរបស់ខ្លួនចំនួន ៧៨.១ ភាគរយ ខណៈ ៦០.៧ ភាគរយបានចាក់វ៉ាក់សាំងពេញចំនួន ២ដូស រួចទៅហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២