បង្គា និងបង្កងទឹកសាបទម្ងន់ប្រមាណជាង ៥០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញនៃអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រកឃើញថា មានចាក់បញ្ចូលសារធាតុចាហួយចូលទៅក្នុងបង្គា និងបង្កងទឹកសាបទាំងនោះ ដែលគេបានចាត់ទុកថា ជាការកេងប្រវ័ញ្ចលើអ្នកប្រើប្រាស់។
បង្គា និងបង្កងទឹកសាប ដែលមានចាក់បញ្ចូលសារធាតុចាហួយទាំងនោះ ត្រូវបាន មន្ត្រីជំនាញនៃអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ធ្វើការបង្ក្រាបបានពីអាជីករលក់ដូរ នៅតាមបណ្ដោយផ្លូវលេខ ៥៨៩ (ផ្លូវត្រឡោកបែក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការចុះទៅបង្ក្រាបនេះគឺធ្វើឡើងតាមការណែនាំពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីក.ប.ប. ប្រចាំសាខារាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័តចុះទៅត្រួតពិនិត្យគុណភាពគ្រឿងសមុទ្រ នៅផ្សារលក់គ្រឿងសមុទ្រ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៥៨៩ (ផ្លូវត្រឡោកបែក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប ដែលបានចុះទៅបង្ក្រាបនោះបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញមិនបានរកឃើញសារធាតុ Formaline លើគ្រឿងសមុទ្រទាំងនោះឡើយ តែបានរកឃើញថា បង្គា និងបង្កងទឹកសាបចំនួន ៥០.៥០គីឡូក្រាម មានចាក់បញ្ចូលសារធាតុចាហួយដើម្បីកេងប្រវ័ញ្ចលើប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ ក្រោយពីបានត្រួតពិនិត្យឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការពិន័យ និងណែនាំដល់ម្ចាស់អាជីវកម្មឱ្យឈប់ប្រព្រឹត្តល្មើសនឹងច្បាប់បែបនេះទៀត ៕


