សមាគមរាជសីហ៍ ប្តេជ្ញាបង្កើនសកម្មភាពសប្បុរសធម៌ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល សម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋជួបបញ្ហាជីវភាព

ខេត្តកែប៖ សមាគមរាជសីហ៍ បានសម្រេចតែងតាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តកែប ដោយក្នុងឱកាសនោះសមាគមន៍នេះ បានប្តេជ្ញាថាខ្លួននឹងបង្កើនសកម្មភាពសប្បុរធម៌ឱ្យបានច្រើនថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។

ថ្លែងក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តកែប នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ មានប្រសាសន៍ថា សមាគមរាជសីហ៍ទាំងថ្នាក់កណ្តាល និងគ្រប់សាខាសមាគមរាជសីហ៍ទាំងអស់ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងបញ្ញាស្មារតីប្រមូលផ្តុំ ជួបជុំរួមកម្លាំងសាមគ្គីភាពជាមួយនឹងសប្បុរសជនជាតិ និងអន្តរជាតិក្នុងការសម្រេចបុព្វហេតុការងារសង្គម និងមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល ចូលរួមសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្តមគូសបញ្ជាក់បន្ថែមថា «ជាទឡ្ហីករណ៍ នៅក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅនេះ ចាប់តាំងពីឆ្នាំ២០១៩ ដល់ត្រីមាសទី២នៃឆ្នាំ២០២១នេះ សមាគមរាជសីហ៍បានអនុវត្តដោយជោគជ័យនូវការងារមនុស្សធម៌ មិនត្រឹមតែជាមួយប្រជាពលរដ្ឋក្រីក្រ ជនពិការ ស្រ្តីមេម៉ាយ សិស្សានុសិស្សមកពីគ្រួសារក្រីក្រ និងកុមារកំព្រា ប៉ុណ្ណោះទេ ថែមទាំងជាមួយនឹងអាជ្ញាធរមូលដ្ឋានកំពុងតែឈរជើងតាមគោលដៅការពារមណ្ឌលព្យាបាល និងចត្តាឡីស័កអ្នកជំងឺ និងអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នៅតាម បណ្តារាជធានីខេត្តមួយចំនួន ។»

ចំណែកលោក អ៊ឹង ឡាយឆាយ ប្រធានសមាគមរាជសីហ៏សាខាខេត្តកែប បានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍមួយនៅក្នុងចំណោមបណ្តាប្រទេសនាៗទូទាំងសកលលោក ការចូលរួមក្នុងកិច្ចការសប្បុរសធម៌ក្នុងសង្គម ជាកត្តាសំខាន់ដើម្បីភាពរីកចម្រើនក្នុងសង្គម។

លោកបន្តថា ក្នុងនាមជាប្រធានសមាគមរាជសីហ៍សាខាខេត្តកែប លោកប្តេជ្ញាចិត្តខិតខំស្វែងរកដៃគូរសហការទាំងនៅក្នុងខេត្តក៏ដូចជាទូទាំងប្រទេសជាពិសេសសប្បុរសជន ជាតិនិងអន្តរជាតិ ដើម្បីរួមចំណែកលើកស្ទួយការងារមនុស្សធម៏និងពង្រឹងអនុភាពរបស់សមាគមយើងអោយកាន់តែរីកចម្រើនឡើង។

ជាមួយគ្នានេះ សមាគមរាជសីហ៍សាខាខេត្តកែប មិនត្រឹមតែខិតខំពង្រឹងទំនាក់ទំនងជាមួយខេត្តកែបប៉ុណ្ណោះទេ សមាគមនឹងបន្តស្វែងរកនូវជំនួយសប្បុរសធម៌ អាហារូបករណ៍ ដោះស្រាយនិងជួយសម្រួលការលំបាកនាៗរបស់សមាជិកសមាគមផងដែរ។

សមាគមរាជសីហ៏សាខាខេត្តកែបនិងខិតខំអប់រំបណ្តុះបណ្តាលដល់យុវជនអោយមានសកម្មភាពចូលរួមលើកការងារមនុស្សធម៏ក្នុងខេត្តកែបអោយកាន់តែប្រសើរឡើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២