អន្តរជាតិជម្រុញឲ្យមានការនាំចូលថ្នាំគ្រាប់ព្យាបាលកូវីដ-១៩  Merckសម្រាប់ប្រទេសដែលមានចំណូលទាប

អាមេរិក៖ ក្រុមការងារសុខាភិបាលអន្តរជាតិបាននិយាយថា ផែនការដាក់ចេញថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 របស់ក្រុមហ៊ុន Merck ដើម្បីកាត់បន្ថយហានិភ័យនៃការស្លាប់ និងធ្លាក់ខ្លួនឈឺធ្ងន់ អាចនឹងមានភាពមិនស្មើរគ្នាក្នុងការចែកចាយ ដូចទៅនឹងការចែកចាយវ៉ាក់សាំងដែរ រវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel  News Asia ។

ប្រភពដដែលបានបញ្ជាក់ថា ជាក់ស្តែងបើនិយាយពីរឿងវ៉ាក់សាំងវិញជាឧទាហរណ៍ស្រាប់គឺប្រជាជនអាហ្វ្រិកតែ ៥% ប៉ុណ្ណោះ ដែលត្រូវបានចាក់វ៉ាក់សាំងបង្ការ COVID-19 ខណៈប្រទេសអ្នកមានមានអត្រាចាក់វ៉ាក់សាំងជាង ៧០% ។

ក្រុមហ៊ុនផលិតឱសថ Merck ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា កាលពីថ្ងៃទី១១ ខែតុលា កន្លងទៅថ្មីៗនេះ បានដាក់ពាក្យស្នើសុំការប្រើប្រាស់ថ្នាំគ្រាប់ molnupiravir ក្នុងករណីបន្ទាន់ ទៅកាន់រដ្ឋបាលឱសថ និងចំណីអាហារនៃសហរដ្ឋអាមេរិក បន្ទាប់ពីការធ្វើតេស្តទ្រង់ទ្រាយធំលើមនុស្សបានបង្ហាញថា ថ្នាំគ្រាប់នេះអាចកាត់បន្ថយការចូលសម្រាកមន្ទីរពេទ្យ និងអ្នកជំងឺបាត់បង់ជីវិត ដោយសារ COVID-19 បានរហូតដល់ទៅ ៥០%។

ទោះជាយ៉ាងណា ក្រុមមន្ត្រីសុខាភិបាលអន្តរជាតិបាននិយាយថា បញ្ហានៃការចែកចាយ និងឱកាសដែលប្រទេសក្រីក្រនានា អាចទទួលបានថ្នាំគ្រាប់ខាងលើនេះ អាចនឹងមិនសូវខុសពីវ៉ាក់សាំងនោះឡើយ។

បើតាមការអះអាងរបស់ក្រុមហ៊ុន Merck បានឲ្យដឹងថា ខ្លួនគ្រោងនឹងផលិតថ្នាំគ្រាប់ molnupiravir ចំនួន ១០លានបន្ទះ នៅចុងឆ្នាំ២០២១នេះ និង ២០លានបន្ទះទៀតនៅឆ្នាំ ២០២២។ ថ្នាំគ្រាប់ molnupiravir តម្រូវឲ្យអ្នកជំងឺលេបចំនួន ២គ្រាប់ក្នុងមួយថ្ងៃ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២