គ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសឥណ្ឌា បានផ្តាច់ជីវិតមនុស្ស ២៦នាក់ និងមនុស្សជាច្រើនកំពុងបាត់ខ្លួន!

Kerala៖ យ៉ាងហោចណាស់ មនុស្សចំនួន ២៦នាក់ហើយបានស្លាប់ នៅក្នុងគ្រោះទឹកជំនន់ ដែលស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា បន្ទា ប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបានបណ្តាលឲ្យទឹកទន្លេហូរជន់លិចទីប្រជុំជន និងភូមិនានា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Rueters នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១នេះ ។


ប្រភពដដែលបានឲ្យដឹងថា នៅក្នុងចំណោមអ្នកស្លាប់ទាំង ២៦ នាក់នោះ មានកុមារចំនួន៥នាក់ផងដែរ ខណៈអាជ្ញាធរក្នុងតំបន់បានបង្ហាញការព្រួយបារម្ភថា អាចនឹងមានចំនួនអ្នកស្លាប់កើនឡើងបន្ថែមទៀត ដោយសារមនុស្សជាច្រើនកំពុងបាត់ខ្លួន។

នៅក្នុងគ្រោះទឹកជំនន់នេះ បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវរងការបំផ្លិចបំផ្លាញ ហើយមនុស្សត្រូវជាប់នៅក្នុងស្រុក Kottayam នៃរដ្ឋ Kerala។ ភ្លៀងធ្លាក់ខ្លាំងរយៈពេលច្រើនថ្ងៃនៅរដ្ឋ Kerala បានបណ្តាលឲ្យមានការបាក់ដីសម្លាប់មនុស្ស ហើយយោធាឥណ្ឌាបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃអាទិត្យថា ឧទ្ធម្ភាគចក្រត្រូវបានប្រើដើម្បីដឹកគ្រឿងផ្គត់ផ្គង់ និងបុគ្គលិកទៅកាន់តំបន់ដែលមានមនុស្សជាប់ក្រោមគំនរបាក់បែក បន្ទាប់ពីការបាក់ដី។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៨ មនុស្សប្រហែល៤០០នាក់បានស្លាប់ និងជាងមួយលាននាក់ផ្សេងទៀតត្រូវផ្លាស់ទីលំនៅដោយសារទឹកជំនន់ដ៏អាក្រក់បំផុតនៅ Kerala ក្នុងរយៈពេលមួយសតវត្សរ៍៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២