មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុង ឡាំង ប្រកាសដោះលែងអ្នកទោសជាង ៥,០០០នាក់ ក្រោយទទួលរងសម្ពាធពីអាស៊ាន!

រ៉ង់ហ្គូន៖ កាលពីថ្ងៃច័ន្ទម្សិលម៉ិញនេះ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក  មីន អ៊ុង ឡាំង  បានប្រកាសថា អ្នកទោសជាង ៥,០០០នាក់ ដែលកំពុងជាប់ឃុំខ្លួន ដោយសារសកម្មភាពធ្វើបាតុកម្ម ប្រឆាំងរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ នឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីការដាក់សម្ពាធរបស់អាស៊ាន ។ នេះយើងតាមការចុះផ្សាយរបស់សារព៍ត៌មាន CNA នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១នេះ ។

លោក មីន អ៊ុង ឡាំង បានថ្លែងថា អ្នកទោសសរុបចំនួន ៥,៦៣៦នាក់ នឹងត្រូវដោះលែង ក្នុងឱកាសពិធីបុណ្យ Thadingyut ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែតុលានេះ។ យោងតាមអង្គការឃ្លាំមើលស្ថានការណ៍ AAPP នៅមីយ៉ាន់ម៉ាបានឱ្យដឹងថា ចាប់តាំងពីរដ្ឋប្រហារយោធាផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ ជនស៊ីវិលជាង ១,១០០នាក់ បានស្លាប់ ក្នុងការបង្រ្កាបបាតុកម្ម ហើយជាង ៨,០០០នាក់ទៀត ត្រូវបានចាប់ខ្លួន។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្នុងចំណោមអ្នកទោសនយោបាយ ដែលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះលែងពីពន្ធនាគារនោះ រួមទាំងអ្នកនាំពាក្យគណបក្សរបស់លោកស្រីអ៊ុងសានស៊ូជី​ និងតារាកំប្លែងដ៏ល្បីឈ្មោះ ហ្សាកាហ្គាណាផងដែរ ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ អាស៊ានមិនឲ្យមេដឹកនាំផ្ដាច់ការ ភូមាចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន ដែលនឹងប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែ តុលា។ ការហាមឃាត់បែបនេះ គឺជារឿងកម្រកើតមានណាស់ ក្នុង កិច្ចប្រជុំកំពូលអាស៊ានពីមុនៗមក។ ការសម្រេចនេះ ធ្វើឡើងភ្លាមៗ ក្នុងកិច្ចប្រជុំជាបន្ទាន់មួយ តាមប្រព័ន្ធវីដេអូ កាលពីយប់ថ្ងៃសុក្រ ទី ១៥ ខែ តុលា ក្រោយពីមេដឹកនាំយោធាភូមាមិនព្រមអនុញ្ញាតឲ្យ ប្រេសិតពិសេស ឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ាន លោក Ade Padmo Sarwono អាចជួបពិភាក្សា ជាមួយគ្រប់ភាគី នយោបាយពាក់ព័ន្ធទាំងអស់ រួមទាំង អ្នកស្រី Aung SanSuKyi ផង ដែលកំពុងជាប់ឃុំ តាមកិច្ចព្រមព្រៀង ពីមុន​ ក្រោយពីមេដឹកនាំយោធា លោក ម៊ីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារ ផ្ដួលរំលំ របបដឹកនាំ ស៊ីវិល។

នៅពីក្រោយការដាក់សម្ពាធទៅលើមេដឹកនាំភូមានោះ សមាគមអាស៊ាន ក៏កំពុងរងសម្ពាធកាន់តែខ្លាំងឡើងៗពីសហគមន៍អន្តរជាតិឲ្យ ប្រកាន់ខ្ជាប់នូវគោលជំហរតឹងរ៉ឹងជាងមុនជុំវិញភាពបរាជ័យរបស់ របប យោធា ភូមា លោក ម៊ីន អ៊ុងឡាំងក្នុងការអនុវត្តតាមកិច្ចព្រមព្រៀង ជា ឯកច្ឆន្ទចំនួន៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន ដើម្បីបញ្ចប់អំពើ ហិង្សា និងបើកផ្លូវសម្រាប់ជំនួយមនុស្សធម៌ជាដើម ក្នុងនោះរួមមាន៖ ១)បញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ាជាបន្ទាន់។ ២)ការសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីក្នុងផលប្រយោជន៍របស់ប្រជាជន។ ៣) ការសម្របសម្រួលដោយប្រេសិតប្រធានអាស៊ាន ដោយមានជំនួយពីអគ្គលេខាធិការ។ ៤) ជំនួយមនុស្សធម៌ ដែលផ្តល់ដោយមជ្ឈមណ្ឌល AHA អាស៊ាននិង ៥) ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេស និងគណៈប្រតិភូទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជួបគ្រប់ភាគីពាក់ព័ន្ធ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២