អង្គការសុខភាពពិភពលោក គ្រោងទិញថ្នាំព្យាបាលកូវីដ-១៩ពីក្រុមហ៊ុន Merck សម្រាប់ប្រទេសក្រីក្រ

ព្រុចសែល៖ អង្គការសុខភាពពិភពលោក WHO កំពុងរៀបចំផែនការទិញថ្នាំព្យាបាល COVID-19 ពីក្រុមហ៊ុនឱសថអាមេរិក Merck ក្នុងតម្លៃ១០ដុល្លារក្នុងមួយបន្ទះ ដើម្បីចែកចាយដល់បណ្ដាប្រទេសក្រីក្រ ដែលមិនមានលទ្ធភាពក្នុងការទិញថ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធទី២០ ខែតុលា ឆ្នាំ២០២១នេះ។

ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើឯកសារមួយ ដែលខ្លួនទទួលបាន បានឱ្យដឹងថា នៅក្រោមកម្មវិធី ACT-A អង្គការសុខភាពពិភពលោកមានគម្រោងផ្ដល់ថ្នាំសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ដល់ទៅ ១២០លាននាក់ ក្នុងចំណោមអ្នកជំងឺ ២០០លាននាក់នៅជុំវិញពិភពលោក ជាពិសេសនៅតាមបណ្ដាប្រទេសក្រីក្រ ដែលត្រូវបានគេប៉ាន់ស្មានថាអាចនឹងឆ្លង COVID-19 នៅរយៈពេល១២ខែខាងមុខ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឯកសារខាងលើដដែល អង្គការ WHO មានបំណងទិញថ្នាំព្យាបាល COVID-19 molnupiravir របស់ក្រុមហ៊ុនឱសថអាមេរិក Merck ក្នុងតម្លៃ ១០ដុល្លារក្នុងមួយបន្ទះ។ ថ្នាំ molnupiravir របស់ក្រុមហ៊ុន Merck គឺជាថ្នាំព្យាបាលអ្នកជំងឺ COVID-19 មានរោគសញ្ញាស្រាល ហើយថ្នាំនេះ បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការអភិវឌ្ឍន៍នៅឡើយ។ ប៉ុន្តែផ្ទុយពីថ្នាំដទៃ ថ្នាំ molnupiravir បានបង្ហាញលទ្ធផលយ៉ាងល្អប្រសើរនៅក្នុងការធ្វើតេស្ដ ដំណាក់កាលចុងក្រោយ៕

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២