មុខរបរចិញ្ចឹមគោរបស់លោក ហ៊ូ សុខជា ជាមុខរបរបន្ទាប់បន្សំ បន្ទាប់ពីមុខរបរធ្វើស្រែចម្ការរបស់គាត់ ដោយសារតែមុខរបរចិញ្ចឹមគោនេះបានធ្វើឱ្យជីវភាពគ្រួសាររបស់គាត់មានភាពប្រសើរជាងមុន។ក្នុងមួយឆ្នាំៗលោកអាចរកប្រាក់ចំណូលពីមុខរបរចិញ្ចឹមគោនេះបានចន្លោះពី១០ ០០០ដុល្លារទៅ ១៥ ០០០ដុល្លារ។

លោកហ៊ូ សុខជា ជាកសិករចិញ្ចឹមគោនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកបានរៀបរាប់ថា គោដែលគាត់កំពុងចិញ្ចឹមនេះគឺពូជប្រាម៉ាន់ សរុបចំនួន ៤០ក្បាល ក្នុងនោះមេគោចំនួន ៣៦ក្បាល និងគោឈ្មោលចំនួន ៤ក្បាល។ ដោយក្នុងមួយឆ្នាំៗគាត់អាចរកប្រាក់ចំណូលបានប្រមាណពី ៤០លាន ទៅ ៦០លានរៀល បានធ្វើឱ្យជីវភាពរបស់គាត់មានភាពប្រសើរជាងមុខថែមមួយកម្រិតទៀត។

ក្នុងការចិញ្ចឹមគោនេះ លោកបានទទួលការប្រឹក្សាយោបល់ផ្នែកបច្ចេកទេសពីមន្ត្រីជំនាញ ស្រុក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ទាំងការធ្វើអនាម័យ, ការចាក់ថ្នាំការពារស្របតាមប្រក្រតិទិន ធ្វើការទម្លាក់ព្រូន និងត្រូវបង្កើនការដាំស្មៅដំណាំចំណីសត្វ ដើម្បីបង្កើនគុណភាពសាច់ផងដែរ ៕
